ដើម្បីអបអរសាទរ “ខួបលើកទី៧០ឆ្នាំ” នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០២៥) សម្អាតបរិស្ថាននៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា

0

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីអបអរសាទរ “ខួបលើកទី៧០ឆ្នាំ” នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០២៥) លោក ស៊ុំ សំអន នាយកសាខា បានដឹកនាំមន្ត្រីនិយោជិតសាខា ទីប្រឹក្សា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុប ៧០នាក់ ធ្វើពលកម្មសម្អាតបរិស្ថាននៅក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដោយបោសស្លឹកឈើងាប់ និងធ្វើជាផ្លូវការពារភ្លើងឆេះដែលអាចរាលដាលដល់ដើមឈើនៅក្នុងឧទ្យានសហស្សវត្សរ៍ ព្រមទាំងបានសម្អាតស្លាក លាបថ្នាំថ្មី និងដើម្បីបញ្ជាក់ពី “សកម្មភាពនៅមូលដ្ឋានសម្រេចបាននូវគោលដៅសកល” តាមរយៈការរួមចំណែកការការពារបរិស្ថាន និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ជាពិសេសក្នុងការអភិរក្សបរិស្ថានធម្មជាតិនៃតំបន់រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រអង្គរ។

នាឱកាសនោះ លោក ស៊ុំ សំអន បានមានប្រសាសន៍លើកឡើងអំពីប្រវត្តិនៃការបង្កើតសមាគមជាតិ គឺកាកបាទក្រហមកម្ពុជា ដែលដើមឡើយសមាគមជាតិនេះត្រូវបានបង្កើតឡើងក្រោមមានឈ្មោះថា កាកបាទក្រហមខ្មែរ ហើយបានឆ្លងកាត់សម័យកាលជាច្រើន រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ លោកបានរំលឹកថា ឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៩៩ ជាឧទ្យានដំបូងគេដែលមានដាំដើមឈើជាច្រើនសម្រាប់អភិរក្សបរិស្ថាន។ លោកបានបន្តទៀតថា ឧទ្យាននេះពិតជាមានសារៈសំខាន់ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសជួយពង្រឹងនូវភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ និងការកើនឡើងកម្ដៅរបស់ភពផែនដីយើងនេះ។ ស្មារតីនៃការចូលរួមយ៉ាងសកម្មរបស់បងប្អូនអ្នកស្ម័គ្រចិត្ត ជាពិសេសប្អូនៗយុវជនកាកបាទក្រហមកម្ពុជា នាពេលនេះ គឺមានគុណតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សហគមន៍យើងទាំងថ្ងៃនេះ និងទៅអនាគត។

គួររំលឹកផងដែរថា ឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដែលមានទីតាំងនៅលើទឹកដីដ៏បវរនៃខេត្តសៀមរាប អង្គរ នេះជាមរតកដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ហើយមានអាយុកាល ២៦ ឆ្នាំហើយ ដែលបានដាំដុះឡើងតាំងពីឆ្នាំ ១៩៩៩ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ ឧទ្យាននេះគ្របដណ្តប់លើផ្ទៃដីជាង ៥ ហិកតា និងមានដើមឈើចំនួន ២ ៤៦០ដើម ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តយូរអង្វែងចំពោះនិរន្តរភាពបរិស្ថាន៕