សៀមរាប: អង្គវេទិកាអនាគតស្តីពី “និរន្តរភាពប្រព័ន្ធស្បៀងអាហារ-ធានាអនាគត ដែលសហរៀបចំដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ស្ថានទូតអាល្លឺម៉ង់នៅ ទីក្រុងភ្នំពេញ, និង សហភាពអឺរ៉ុប (EU) ។ វេទិកាអនាគត បានប្រមូលផ្តុំមេដឹកនាំរដ្ឋាភិបាល, ភាគីពាក់ព័ន្ធអន្តរជាតិ, សង្គមស៊ីវិល, និងវិស័យឯកជនមកពីបណ្តាប្រទេសអាស៊ី និងអាហ្វ្រិក ដើម្បីបង្កើតដំណោះស្រាយសម្រាប់បញ្ហាប្រឈមទាក់ ទង នឹងការប្រែប្រួលអាកាសធាតុ ដែលបានដំណើរការទៅរយៈពេលពីរថ្ងៃ នៅសណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប ត្រូវបានបិទនៅរសៀលថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ។
បន្ទាប់ពីលោកស្រី Julia Kyria ប្រធានកម្មវិធីសកលស្តីពីសន្តិសុខអាហារូបត្ថម្ភ មានចំណាប់អារម្មណ៍រួចមក មានប្រសាសន៍បិទអង្គវេទិកា ឯកឧត្តម អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ថ្ងៃនេះពិតជាល្អណាស់ ដែលបានជួបគ្នាម្តងទៀត បន្ទាប់ពីយើងបានជួបគ្នាចុងក្រោយនៅទីក្រុង Bonn ក្នុងខែតុលា ឆ្នាំ ២០២៤ ។ ឯកឧត្តមសង្ឃឹមថាអ្វីៗដំណើរការល្អសម្រាប់លោក លោកស្រី ក្រុមការងាររបស់យើង ។ ម៉្យាងទៀតការមកកាន់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ឯកឧត្តមបានសង្ឃឹមថា លោក លោកស្រីរីករាយក្នុងការស្នាក់នៅក្នុងខេត្តសៀមរាប និង រីករាយជាមួយម្ហូបខ្មែររបស់យើង និងទស្សនាប្រាសាទអង្គរ ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានឲ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃនេះ វេទិកាអនាគតប្រព្រឹត្តទៅបានល្អដូចការគ្រោងទុក ដោយអស់លោក លោកស្រីដែលបានចូលរួមបានផ្លាស់ប្តូរចំណេះដឹង, បទពិសោធន៍, និងការអនុវត្តល្អៗពីទូទាំងទ្វីប លើប្រធានបទកសិកម្មប្រកបដោយនិរន្តរភាព, ប្រព័ន្ធស្បៀងមានភាពធន់, និងសកម្ម ភាពអាកាសធាតុសម្រាប់ការធានាសន្តិសុខស្បៀង, អាហារូបត្ថម្ភ, និងរបបអាហារសុខភាពសម្រាប់ទាំងអស់គ្នា ។ ឯកឧត្តម អ៊ុក រ៉ាប៊ុន បានវាយតម្លៃខ្ពស់ ពីលទ្ធផលកិច្ចពិភាក្សាដែលបានធ្វើឡើងនៅទីនេះ នឹងមិនត្រឹមតែអាចយកទៅដាក់បញ្ជូល ក្នុងគោលនយោបាយនានាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងអាចមានផលជាយូរអង្វែងនៅកម្រិតពិភពលោក, កម្រិតតំបន់, និងថ្នាក់ជាតិផងដែរ ។ ឯកឧត្តមមានការជឿជាក់ថា លទ្ធផលនៃវេទិកាអនាគតនេះ នឹងផ្តល់នូវធាតុចូលសម្រាប់លោក លោកស្រីអ្នកចូលរួម ដើម្បីដាក់ចូលក្នុងរបៀបវារៈសកលឆ្នាំ២០២៥ ជាពិសេសគណៈប្រតិភូកម្ពុជាដែលឯកឧត្តមនឹងដឹកនាំទៅចូលរួមកិច្ចប្រជុំកំពូល N4G ក្នុងខែមីនានេះ នៅទីក្រុងប៉ារីស និងកិច្ចប្រជុំផ្សេងៗទៀតដូចជា៖ UNFSS+4, SUN Movement, COP 30 ជាដើម ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ដែលបានចូលរួមចំណែកដ៏មានតម្លៃជួយការពារជីវិតរាប់លាននាក់នៅទូទាំងពិភពលោក, ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ, និងជំរុញបរិវត្តកម្មប្រព័ន្ធស្បៀងរបស់យើង ។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅពេលខាងមុខ យើងត្រូវពន្លឿនដំណោះស្រាយ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច, លើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃ, កាត់បន្ថយការខ្ជះខ្ជាយ និងការបាត់បង់ស្បៀង, និងលើកកម្ពស់សុវត្ថិភាពចំណីអាហារដើម្បីសម្រេចបាននូវការកែលម្អសន្តិសុខស្បៀង និងអាហារូបត្ថម្ភឲ្យប្រសើរឡើង។ ឯកឧត្តម អ៊ុក រ៉ាប៊ុន បានលើកឡើងថា វេទិកាអនាគតនេះបានបង្ហាញពីទំនួលខុសត្រូវរួមរបស់យើងក្នុងការភ្ជាប់ប្រព័ន្ធស្បៀង, បរិវត្តកម្មអាហារូបត្ថម្ភ, និងភាពធន់នឹងអាកាសធាតុ ក្នុងពេលជាមួយគ្នានេះ ជម្រុញនវានុវត្ត, កែទម្រង់គោលនយោបាយ, និងការតស៊ូមតិ និងការចូលរួមពីវិស័យឯកជន និងលើកកម្ពស់ភាពជាដៃគូរវាងឯកជន និងសាធារណៈ។
ក្នុងពេលដែលយើងកំពុងឈានទៅមុខ សូមយើងទាំងអស់គ្នាយកចំណេះដឹងទាំងនេះប្រែក្លាយទៅទៅជាសកម្មភាព, កិច្ចសហការ, និងការសម្របសម្រួលនៅទូទាំងវិស័យ និងអ្នកពាក់ព័ន្ធ, ការអនុវត្តដំណោះស្រាយប្រកបដោយនិរន្តរភាព, និងធានាឲ្យមានសុខភាពកាន់តែរឹងមាំនាពេលអនាគតសម្រាប់ទាំងអស់គ្នា៕