កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តសហការជាមួយកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់កោះតាបរះ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ

0

(កំពង់ធំ)÷ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយលោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង និងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍ បានបន្តសហការជាមួយកម្លាំងចម្រុះ ដែលមានមន្ត្រីជលផលសង្កាត់ផាត់សណ្ដាយ កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីឧទ្យានុរៈតំបន់រ៉ាំសា បានចេញធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់កោះតាបរ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ សេង សំអុល បានបញ្ជាក់ថា  ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃនេះ កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តសហការជាមួយ កម្លាំងចម្រុះប្រចាំការបង្ក្រាបបទល្មើសនេសាទនៅឃុំផាត់សណ្ដាយ បានបន្តចេញធ្វើសកម្មភាពនៅតំបន់កោះតាបរ នៅលើផ្ទៃបឹងទន្លេសាប ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដោយបានបំផ្លាញចោលរបាំងសាច់អួនខុសច្បាប់ចំនួន ៤ របាំង ដែលមានប្រវែងជាង ៦០០ ម៉ែត្រ កំទេចលបលូសាច់អួនចំនួន ៦ មាត់  បង្គោលរបាំងចំនួនជាង ៧០០ ដើម និងចាក់លេងត្រីចម្រុះប្រមាណ ៦ គីឡូក្រាម ហើយបានបន្តធ្វើសកម្មភាពបំផ្លាញរបាំងស្បៃមុង ខុសច្បាប់ប្រវែងជាង ៣០០ម៉ែត្រ លបលូចំនួន ១៤ មាត់ និងបង្គោលរបាំងចំនួនជាង ២០០ ដើម ចាក់លែងកូនត្រីចម្រុះចំនួនជាង ៦ គីឡូក្រាម បន្ថែមទៀត។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងអន្តរាគមន៍ និងកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការគោរពអនុវត្តតាមបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងបទបញ្ជារបស់អ្នកដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំរបស់ឯកឧត្តម នួន ផា័រត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ដើម្បីគ្រប់គ្រងធនធានមច្ឆ:ជាតិ ឱ្យសំបូរឡើងវិញ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា និងការពារធនធានធម្មជាតិ សម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗបន្តទៀត។ ជាមួយនេះដែរ ឧត្ដមសេនីយ៍ទោសោម ស៊ុន បានណែនាំដល់កងកម្លាំងអន្តរាគមន៍ និងកងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តសកម្មភាពឱ្យដូចភ្លៀងរលឹម ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់មិនឲ្យកេីតមានឡើងជាថ្មីទៀត ដើម្បីបម្រេីបុព្វហេតុជាតិនិងផលប្រយោជន៍រួមរបស់ប្រជាជនកម្ពុជាយេីង។ អត្ថបទវេហាស៍