អភិបាលខេត្តកំពង់ចាម ថ្លែងប្រាប់ក្មួយៗ ដែលជាទំពាងស្នងឬស្សី ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ដោយកុំគេចវេះម៉ោងសិក្សា

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងប្រាប់ក្មួយៗ ដែលជាទំពាងស្នងឬស្សី ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ ដោយកុំគេចវេះម៉ោងសិក្សា ទៅប្រមូលផ្តុំប្រព្រឹត្តអំពើមិនគប្បី ដែលសង្គមស្អប់ខ្ពើម បង្ករការបង្កើតបក្សពួក បងតូច បងធំ ដែលនឹងត្រូវបំផ្លាញអនាគតរបស់ក្មួយៗ។ ថ្លែងបែបនេះក្នុងពិធីបើកការបោះជំរំយុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ «ការអភិវឌ្ឍសមត្ថភាពយុវជននៅក្នុងបរិបទសង្គមសេដ្ឋកិច្ចកម្ពុជា» នៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្រុកកងមាស នាល្ងាចថ្ងៃទី១៨ កុម្ភៈ ២០២៥ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់ក្មួយៗជាយុវជន គ្រប់រូប ត្រូវបន្តការខិតខំកសាងស្នាដៃឆ្នើមក្នុងចលនា ៣ល្អ «កូនល្អ សិស្សល្អ មិត្តល្អ» ពីព្រោះថា ការប្រព្រឹត្តអំពើល្អរបស់ក្មួយៗ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណាដែលបង្កការរាំងស្ទះ ដល់ដំណើរការអភិវឌ្ឍ ប្រទេសជាតិ ដោយការធ្វើជាគំរូទាំងលើការសិក្សា ទាំងការរស់នៅដោយប្រកាន់ខ្ជាប់ និងចងចាំថាក្នុងជីវិត យុវវ័យដូចក្មួយៗត្រូវកសាងជីវិតឱ្យល្អស្រស់ត្រកាលក្នុងថ្នាលសិក្សា ដើម្បីយកវិជ្ជាមកបម្រើ ក្នុងមាគ៌ាអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តមអភិបាលខេត្ត បានរំពឹងទុកថា ការបោះជំរំយុវជនខេត្តកំពង់ចាម ឆ្នាំ២០២៥ នាពេលនេះ គឺជាឱកាសសម្រាប់ក្មួយៗយកអស់សមត្ថភាព បទពិសោធន៍របស់ខ្លួនមកធ្វើការផ្លាស់ប្តូរ ចែករំលែកគ្នាទៅវិញទៅមក រួមចំណែកអភិវឌ្ឍបំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឱ្យកាន់តែ រីកចម្រើនឡើង ពិសេសគឺការអប់រំខ្លួនតាមគន្លងសីលធម៌ កូនល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អ និងខិតខំធ្វើឱ្យខ្លួនមានសេចក្តីព្យាយាម និងសង្ឃឹមជឿជាក់ចំពោះខ្លួនឯង។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានដាស់តឿនដល់ក្មួយៗយុវសិស្ស ត្រូវខិតខំសង្កេតសិក្សាស្រាវជ្រាវ តាមរយៈនៃសកម្មភាពទាំងឡាយក្នុងដំណើរការនៃការបោះជំរំ យុវជននេះ ជាពិសេសសូមក្មួយៗត្រូវខិតខំកត់ត្រានូវសកម្មភាពល្អៗ ទុកសម្រាប់ជាមេរៀន បទពិសោធន៍ សម្រាប់ជីវិតរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយពីលទ្ធផល ទាំងអស់នេះ ដល់មិត្តភក្តិ បងប្អូនរបស់ ក្មួយៗឱ្យបានជ្រាបបានដឹង ពីខ្លឹមសារដ៏មានសារៈសំខាន់នៃកិច្ចការទាំងឡាយដែលក្មួយៗ បានប្រតិបត្តិដោយផ្ទាល់ក្នុងដំណើរការបោះជំរំ រយៈពេល៧ថ្ងៃ នៅលើទឹកដីស្រុកកងមាសនេះផងដែរ ៕