ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ង៉ូវ សេងកាក់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំមន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា គោរពវិញ្ញណក្ខន្ធ អនុសេនីយ៍ឯក អ៊ុក ផាន្នី អាយុ ៤៣ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ចនៅខេត្តរតនគរី។ ពិធីបុណ្យសពនេះប្រារព្ធនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសនេះលោក ង៉ូវ សេងកាក់ បានសម្ដែងនូវការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ និងកូនៗ ដែលបានបាត់បង់មនុស្សជាទីគោរពស្រលាញ់ និងជាបង្គោលក្នុងគ្រួសារ ដែលតែងតែផ្ដល់ជាម្លប់ និងភាពកក់ក្ដៅកន្លងមក។ អនុសេនីយ៍ឯក អ៊ុក ផាន្នី ជាធនធានមនុស្សមួយរូបដែលបានជួយក្នុងការងារអភិវឌ្ឍន៍ និងការពារសន្តិសុខសង្គមជាតិ គួរជាទីគោរពស្រលាញ់ផងដែរ។
សូមបញ្ជាក់ថា៖ អនុសេនីយ៍ឯក អ៊ុក សុផាន្នី មានភរិយា និងមានកូន៣នាក់ (ស្រី២នាក់) កំពុងសិក្សាទាំងអស់។
គ្រឿងឧបភោគបរិភោគ និងថវិកាចូលរួមបុណ្យសពមាន៖ ថវិកា ៥លានរៀល ជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
អង្ករ៩០គីឡូក្រាម មី៤កេស ទឹកស៊ីអ៊ីវ២យួរ និងឃីត២កញ្ចប់ (មុង២ ភួយ២ សារុង២ ក្រមា២)៕