កម្ពុជា កូរ៉េ បើកធីពិព័រណ៍សិល្បៈ នៅខេត្ដសៀមរាប

0

សៀមរាប: ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាជារណរដ្ឋកូរ៉េ សហការ ជាមួយសមាគមវប្បធម៌កូរ៉េ (KCA) រួមជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ បានអនុវត្ត គម្រោងអង្គរ ដោយបានរៀបចំពិព័រណ៍សិល្បៈ រួមមានការថតរូប និងថតវីដេអូ ព្រមទាំង ការបរិច្ចាគថវិកាដល់សហគមន៍ផងដែរ។ពិធីនេះ បានធ្វើពិធីបើកកាត់ខ្សែបូរបើកដំណើរការ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្ដម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ព្រមទាំងឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប ព្រមទាំងឯកឧត្ដមលោកជំទាវ លោក លោកស្រី តំណាងក្រសួងស្ថាប័ន អង្គភាពមន្ទីរពាក់ព័ន្ធចូលរួមជាច្រើននាក់ផងដែរ។
លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា ការជួបជុំគ្នានៅសារមន្ទីរជាតិអង្គរនេះ ជានិមិត្តរូបនៃស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េ។លោកជំទាវបន្ដថា គម្រោងអង្គរ ដែលបានរួមគ្នានៅខេត្ដសៀមរាប បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ពួកយើង ក្នុងការជំរុញនូវការផ្លាស់ប្តូរសិល្បៈ និងការអភិរក្សកេរដំណែលវប្បធម៌។ស្នាដៃសិល្បៈដោយវិចិត្រករសិល្បៈកូរ៉េល្បីៗ,ការថតរូបបែបបំផុសគំនិត និងវត្ថុបុរាណដែលត្រូវបានតាំងបង្ហាញបរិយាយពីបេតិកភណ្ឌ, ភាពសុខដុមរមនារបស់មនុស្សជាតិជាមួយនឹងធម្មជាតិ និងភាសាសន្ទនាតាមរយៈវប្បធម៌។ គំនិតផ្តួចផ្តើមដទៃទៀត រួមមាន៖ ការថតរូបប្រាសាទ,ការបង្ហាញម៉ូដសម្លៀកបំពាក់ និងការចូលរួមចំណែកសប្បុរសធម៌ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប គឺជាសកម្មភាព ដែលបង្កប់នូវការប្តេជ្ញាចិត្ត របស់ពួកយើងបន្ថែមទៀត ក្នុងការលើកកម្ពស់វប្បធម៌ និង កិច្ចការមនុស្សធម៌។
ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា ខេត្តសៀមរាប បានបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុង នៃសាធារណរដ្ឋ-កូរ៉េចំនួន៣ខេត្ត-ក្រុង រួមមានទីក្រុងស៊ូរៀន នៃខេត្តឈៀងពី ខេត្តជុងចុងណាំដូ និងខេត្តកាងរៀន តាមរយៈទំនាក់ទំនងខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពនេះ។កិច្ចសហប្រតិបត្តិការគួរឱ្យកត់សម្គាល់ ដែលទាក់ទងទៅនឹងវិស័យវប្បធម៌ សង្គមកិច្ច កសិកម្ម អប់រំ ទេសចរណ៍ សុខាភិបាល ពាណិជ្ជកម្មជាដើម។ឯកឧត្ដមបន្ដថា ព្រឹត្តិការណ៍អន្តរជាតិដែលកិច្ចសហប្រតិបត្តិការរវាង ប្រទេសកូរ៉េ និងកម្ពុជា ប្រជាជន និងប្រជាជន ក៍ដូចជាការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ខ្មែរ-កូរ៉េ ជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាប ព្រមទាំងបានចូលរួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍ក្នុងខេត្ត ព្រមទាំងបងប្អូនប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត សៀមរាបទាំងមូល ដែលកំពុងប្រាស្រ័យទាក់ទងនឹងសក្តានុពលវិស័យទេសចរណ៍ជាចម្បងនេះ។
សូមរំលឹកថា ពិព័រណ៍សិល្បៈនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០-២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅសារមន្ទីរជាតិអង្គរ ដើម្បីបង្ហាញការតាំងពិព័រណ៍របេតិកភណ្ឌវប្បធម៌ជាតិ និងស្នាដៃរបស់វិចិត្រករ និងសិប្បករជនជាតិកូរ៉េល្បីៗ រួមមានគំនូរដែលបង្ហាញអំពីទឹកដីកម្ពុជា និងស្នាដៃសិល្បៈថ្នាក់ជាតិ ដែលបង្ហាញឱ្យស្គាល់ពីប្រទេសកូរ៉េ តាមរយៈបច្ចេកទេសប្រពៃណីកូរ៉េ ដើម្បីរលើកកម្ពស់ការយល់ដឹង អំពីចំណេះដឹងសង្គម និងវប្បធម៌ ខណៈពេលដែលមានការអបអរសាទរបេតិកភណ្ឌរួមគ្នារវាង ប្រជាជាតិទាំងពីរ។ការថតរូប និងវីដេអូ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១-២២ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅបរិវេណ វង់តូច ក្នុងនោះ មានប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម ដោយមានការស្លៀកសម្លៀកបំពាក់ដែលជាការច្នៃម៉ូតពីអ្នករចនាម៉ូតដ៏ល្បីល្បាញលើពិភពលោក គឺលោក LIE SANG BONG ព្រមទាំងក្រុម រចនាម៉ូត Kora Hanbok Diplomatic Mission ដែលរចនាសម្លៀកបំពាក់ប្រពៃណីឈានមុខគេរបស់ប្រទេសកូរ៉េ។ ព្រឹត្តិការណ៍នេះត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សព្វផ្សាយ តំបន់បេតិកភណ្ឌ ពិភពលោករបស់កម្ពុជា និងការបង្ហាញវប្បធម៌កូរ៉េនៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញសម្រស់ ដ៏វិចិត្រនៃប្រាង្គប្រាសាទបុរាណ និងស្នាដៃដ៏វិសេសរបស់បុព្វបុរសខ្មែរ។ដោយឡែកការបរិច្ចាកថវិកា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងរៀបចំកម្មវិធីសប្បុរសធម៌នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ក្នុងគោលបំណងផ្តល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការលំបាក ជាពិសេសកុមារកំព្រា តាមរយៈការផ្តល់ជំនួយផ្នែកអប់រំ និងសុខាភិបាល ។ ក្នុងឱកាសនោះដែរ ថវិកានិងសម្ភារៈផ្សេងៗនឹងត្រូវប្រគល់ជូន សមាគមគ្រូពេទ្យស្ម័ក្រចិត្តយុវជនសាម្តេចតេជោ (TYDA) និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប៕