កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់យុវ សិស្ស ក៏ដូចជាបងប្អូនប្រជា
ពលរដ្ឋ ចាំបាច់ត្រូវតែមានការលេងកីឡា ដើម្បីសុខភាព រាងកាយមាំមួន និងលូតលាស់បញ្ញាស្មារតី ដែលជាទ្រព្យសម្បត្តិដ៏ប្រពៃ និងជាកត្តាកំណត់ដ៏សំខាន់នៃ ផលិតភាព ពលកម្ម និងការកសាងមូលធនមនុស្ស។ ការថ្លែងបែបនេះក្នុងពិធីបើកការប្រកួតកីឡា សិស្សបឋមសិក្សា និងមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ នាព្រឹក ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា វិស័យកីឡាពិតជា ដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់ សុខភាពផ្លូវចិត្ត បង្កើន ផលិតភាពការងារ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គល ក្នុងក្រុមគ្រួសារ។ ដូចនេះសូមក្មួយៗ សិស្សានុសិស្សទាំងអស់ យកពេលវេលាពីការសិក្សា ចូលរួម លេងកីឡា ឱ្យបានគ្រប់ៗគ្នា ជៀសវាងការប្រើប្រាស់គ្រឿងញៀន នាំឱ្យមានការបំផ្លិចបំផ្លាញ អនាគត ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់រដ្ឋបាលក្រុង-ស្រុក និងមន្ទីរអប់រំ យុវជន និងកីឡា ត្រូវជំរុញសមាគមកីឡា សិស្សគ្រប់គ្រឹះស្ថានសិក្សា នៅតាមក្រុង-ស្រុកទាំងអស់ ឱ្យ មានសកម្មភាពកីឡា បណ្តុះបណ្តាល កីឡានៅក្នុងថ្នាលគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សា ទូទាំងខេត្ត ពោលគឺត្រូវបង្កើនសកម្មភាពកីឡា ឱ្យបានផុសផុល និងជាប្រចាំផងដែរ ។
បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សា និងសិស្សមធ្យមសិក្សា ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ ចាប់ផ្តើមប្រកួតពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លើប្រភេទកីឡា បាល់ទាត់ បាល់ទះ បាល់បោះ ប៊ូល (ប៉េតង់) និងអត្តពលកម្ម សរុបរួម ៨៦ក្រុម, ក្នុងនោះនារី ២៥ក្រុម, ប្រតិភូ-គ្រូបង្វឹកចំនួន ២៣៥នាក់ ស្រី ១៣នាក់, មានកីឡាករ កីឡាការនីសរុប ១,១០៨នាក់ ក្នុងនោះនារី ចំនួន ២៨៦នាក់ ៕




































