ពិធីប្រកាសឯកឧត្តម ប្រាក់ សោភ័ណ ជាប្រធានការងារយុវជនគណបក្សខេត្តសៀមរាប

0

សៀមរាប: នៅចុងសប្តាហ៍ព្រឹកថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ បាយ័ន អេរ៉ា ខេត្តសៀមរាប មានរៀបចំប្រកាស ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណបក្សប្រជាជនខេត្ត និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល ជាប្រធានក្រុមការងារយុវជនគណបក្សខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនិងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍ យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ក្រុមការងារយុវជនបក្សមន្ទីរ អង្គភាព ស្ថាប័ន និង ក្រុង ស្រុក ប្រមាណ ៨០០នាក់ចូលរួម ។
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម អ៊ាន ឃុន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សប្រជាជនខេត្ត បានធ្វើសេចក្តីរាយការណ៍ លើការងារកសាងកម្លាំងបក្ស ដោយបានបញ្ជាក់ថា ក្រុមការងារយុវជនគណបក្ស ជាកម្លាំងស្នូលមិនអាចខ្វះបាន ដែលទាមទារឲ្យយុវជនរបស់យើង ពង្រឹងខ្លួនបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់គណបក្ស ដើម្បីជាកម្លាំងបន្តវេនដ៏រឹងមាំរបស់គណបក្ស ។
បន្ទាប់ពីឯកឧត្តម ប្រាក់ សោភ័ណ បានធ្វើការចំណាប់អារម្មណ៍ និង ការប្តេជ្ញាចិត្តរួចមក មានប្រសាសន៍សំណេះ សំណាល់ក្នុងពិធីប្រកាសន៉ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងថា ខេត្តសៀមរាប មានយុវជនគណបក្សដ៏រឹងមាំ ដោយបង្កើតបានក្រុមការងារយុវជនគណបក្សថ្នាក់ ខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ទាំង១០០ ដែលក្រុមការងារយុវជនគណបក្សទាំងនេះត្រូវបានបែងចែកតួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីឲ្យគណបក្សមានភាពរឹងមាំ ។ ម៉្យាងទៀតអង្គការចាត់តាំងដ៏រឹងមាំ នោះគណបក្សប្រជាជនកម្ពុជាក៏រឹងមាំផងដែរ ។ ឯកឧត្តមបានបន្តថា ដើមី្បភាពរឹងមាំនៅជួបក្ស យើងត្រូវធ្វើការបណ្តុះ បណ្តាលយុវជននៅគ្រប់បណ្តាមូលដ្ឋាន ដោយគិតពីគុណភាពយុវជនបក្សជាគុណសម្បត្តិ ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះ ។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថា កម្ពុជាមានសន្តិភាពពេញលេញ យុវជនយើងត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវតួនាទីរបស់ខ្លួន ក្នុងនាមជាកម្លាំងស្នូលរបស់គណបក្សលើការងារបំផុសចលនាយុវជនឲ្យគាំទ្រគណបក្ស និង ប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកប្រឆាំងនិយមទាំងក្នុងនិងក្រៅប្រទេសផងដែរ ។ ក្នុងនោះដែរឯកឧត្តមបាន ផ្តល់នូវអនុសាស្ត្ររបស់គណបក្ស ដើមី្បជាមូលដ្ឋានគ្រឹះ ជូនដល់គណបក្ស ខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ យកទៅអនុវត្ត ឆ្ពោះ ទៅភាពជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ និង បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅអាណត្តិក្រោយៗទៀត ។ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានបន្តទៀតថា អំពើល្អរបស់មន្ត្រីបក្ស ត្រូវអនុវត្តនៅអភិក្រម (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់) បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក។ ក្នុងឯកឧត្តមបណ្ឌិត ក៏បានធ្វើការបញ្ជាក់នូវខ្លឹមសារ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅលើកការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ក្នុងនោះឯកឧត្តមក៏បានលើកនូវទិសដៅរបស់គណបក្ស ដែលជាមូលដ្ឋានគ្រឹះ របស់គណបក្ស និង បានធ្វើការផ្តាំផ្ញើ ដល់ឯកឧត្តមប្រធានក្រុមការងារយុវជនគណបក្សខេត្ត និង មន្ត្រីគណបក្សទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ បណ្ដាអង្គការសមាគមន៍ ដៃគូអភិវឌ្ឍន៍ ដែលមានឆន្ទៈគោរពលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ ដើម្បីបន្តនូវនិរន្តរភាពនៃការងារ ដឹកនាំអង្គការចាត់តាំងយុវជនគណបក្សឲ្យកាន់តែរឹងមាំ ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ពីសុខទុក្ខលំបាករបស់សមាជិកបក្សក្នុងមូលដ្ឋានខ្លួន ស្របតាមគោលការណ៍របស់គណបក្ស (រក្សាចាស់បង្កើនថ្មី )ដោយចាស់ស្គាល់ផ្លូវ យុវជនជាអ្នកអនុវត្ត។ ម៉្យាងទៀតក្រុមការងារយុវជន គណបក្សទាំងអស់ ត្រូវបន្តខិតខំបំពេញមុខនាទីការងារយុវជនគណបក្ស ធ្វើយ៉ាងណាបំផុស អប់រំឲ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និង ត្រូវថែរក្សា ការពារ និងពង្រីកបន្ថែមនូវរាល់សមិទ្ធផលរូបវន្តនិងការរីកចម្រើនក្នុងសង្គមជាតិ និងនៅមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ក្រោមម្លប់នៃសន្តិភាព និង ការអភិវឌ្ឍ ៕