អ៊ុក ផ្លុង
សៀមរាប ÷ បុរសម្នាក់ ត្រូវខ្សែ ភ្លើង ឆក់ ស្លាប់ នៅនឹង កន្លែង យ៉ាងរន្ធត់ ហេតុការណ៍ នេះបានកើតឡើងនៅថ្ងៃ សៅរ៍ ទី ០១ ខែ មិនា ឆ្នាំ ២០២៥ វេលា ម៉ោង ៥, ៣០ នាទី ល្ងាច ក្នុង ភូមិតាគឹម ក្រោម ឃុំ អន្លង់ សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប។ ជនរង គ្រោះ ឈ្មោះ លេង ជា ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ប្រពន្ធ ឈ្មោះ ញ៉ែម ជី អាយុ ៤៤ ឆ្នាំ និង មានកូន ចំនួន ៣ នាក់ នៅក្នុងបន្ទុក។ ជនរងគ្រោះខាងលើ រស់នៅ ក្នុង ភូមិ ស្ដៅ ឃុំ អន្លង់ សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប។ យោងតាមសម្តី សាច់ញាតិ ជនរងគ្រោះ បានប្រាប់ អ្នកសារព័ត៌មាន ថា លោក លេង ជា បាន ទៅធ្វើការសំណង់ នៅភូមិ កំពង់ ម្កាក់ ឃុំ គោក ធ្លក ក្រោម ស្រុក ជីក្រែង ដល់ ម៉ោង ឈប់ សម្រាក ពេលល្ងាច លោក បានជិះ ម៉ូតូ ត្រឡប់ មក ផ្ទះ វិញ លុះដល់ កន្លែង កើតហេតុ មានគេកាក់ ឲ្យ ឈប់ ដើម្បី ពិនិត្យ មើល ខ្សែភ្លើង ម៉ូទ័រ បូមទឹក ឡើង សាទែន ខូចអត់ដំណើរការ។ បន្ទាប់មក លោក លេង ជា បានពិនិត្យ និងជួសជុលម៉ូទ័រ រំពេចនោះ ខ្សែភ្លើង បានឆក់ បណ្ដាល ឲ្យ ស្លាប់ ភ្លាមៗ នៅនឹង កន្លែង យ៉ាង រន្ធត់ សង្ស័យ តែមិនបាន បិទ កុង តាក់ មុនធ្វើការ ជួសជុល។ គាត់បញ្ជាក់ថា ជនរងគ្រោះធ្លាប់ ជួយជួសជុលភ្លើងអគ្គិសនីឲ្យអ្នកស្រុកទើបគេកាក់គាត់ឲ្យពិនិត្យម៉ូទ័រ។
ពាក់ព័ន្ធ ករណី ដ៏ រន្ធត់ ខាងលើនេះ មេឃុំអន្លង់ សំណរ លោក កង សុីជឿន មាន ប្រសាសន៍ ប្រាប់ អ្នកសារព័ត៌មានតាមទូរស័ព្ទថា ក្នុងនាម លោក ជា អាជ្ញាធរ ឃុំ សូមចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំជាមួយ គ្រួសារនៃ សព ហើយក៏សូមជម្រាបជូនដល់ ប្រជា ពលរដ្ឋ ទាំងអស់ ប្រសិនបើ មាន បញ្ហារឿងភ្លើង អគ្គិសនី សូម ទៅ រក ជាង ជំនាញខាងអគ្គិសនី ម៉្យាង វិញ ទៀត មុន នឹងធ្វើការជួសជុល សូមកាច់កុងតាក់ បិទ ភ្លើងជា មុន ដើម្បី សុវត្ថភាព។
ពេល នេះ សព ជន រងគ្រោះ ត្រូវបានក្រុម គ្រួសារ យក ទៅ គេហដ្ឋាន និង ធ្វើបុណ្យតាមប្រពៃណី៕