ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ រដ្ឋបាលខេត្តសៀមរាប

0

សៀមរាប: ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយ ការកកស្ទះសំណុំរឿងនៅតុលាការតាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នាព្រឹកថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០២៥នេះ នៅសាលាខេត្តសៀមរាប បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ជាមួយ រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ អគ្គនាយក សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងតុលាការ និង ព្រះរាជអាជ្ញាខេត្ត កងកម្លាំងទាំងបី អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្រុមប្រឹក្សា អាជ្ញាធរក្រុង ស្រុក មន្ត្រីការងារច្បាប់ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ/ សង្កាត់ ប្រមាណជា ៣០០នាក់ចូលរួម ។
ក្នុងពិធីចុះហត្ថលេខានេះដែរ ឯកឧត្តម ប្រាក់ សោភ័ណ បានមានប្រសាសន៍ថា ដើម្បីក្លាយជាដៃគូសហការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ តាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ម៉ត់ចត់ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការនៅកម្ពុជា កសាងសង្គមនីតិរដ្ឋប្រកបដោយភាពសុខដុមរមនា ហើយភាគច្រើននៃបណ្តឹងដែលរដ្ឋបាលខេត្តទទួលបានពីប្រជាពលរដ្ឋនាពេលកន្លងមក គឺបញ្ហាពាក់ព័ន្ធវិវាទដីធ្លី ។
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើកឡើងថា៖ អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការបំពេញបន្ថែម ក្នុងការដោះស្រាយវិវាទដែលមានស្រាប់នៅព្រះរជាណាចក្រកម្ពុជា ហើយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹង ចូលរួមចំណែក ក្នុងការបង្ខិតសេវាដោះស្រាយវិវាទឲ្យកាន់តែខិតកៀកជិតប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំងជួយសម្រុះសម្រួល ផ្សះផ្សាវិវាទជូនដល់គូភាគីបានដោយឆាប់រហ័ស ដោយផ្អែកតាមគោលការណ៍ឈ្នះឈ្នះ កាត់បន្ថយការកកស្ទះសំណុំរឿងរដ្ឋប្បវេណីនៅតាមសាលាជំរះក្ដី ព្រមទាំងរួមចំណែកលើកកម្ពស់ភាពសុខដុមរមនានៅក្នុងសហគមន៍ និងសន្តិភាព។ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បន្តថា ពិធីចុះហត្ថលេខាអនុស្សរណៈ នៃការយោគយល់គ្នាថ្ងៃនេះ វាជាការពង្រឹងយន្តការនៃការផ្សព្វផ្សាយវិវាទក្រៅប្រព័ន្ធតុលាការ និង ជាការរួមចំណែកមួយបន្ថែមទៀតក្នុងការជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព កាន់តែលឿន ឆាប់រហ័ស និងប្រកបដោយភាពត្រឹមត្រូវ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ជាសំខាន់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមទិសដៅ និងចក្ខុវិស័យនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ តួអង្គទាំងអស់ត្រូវប្រកាន់នូវក្រោមសីលធម៌វិជ្ជាជីវៈក្នុងការសម្របសម្រួល ផ្សះផ្សាវិវាទ ជៀសវាងឲ្យបាននូវការបង្ខិតបង្ខំ ការធ្វើការសម្រេចចិត្តណាមួយជំនួសឲ្យគូភាគី។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានលើកនូវអនុសាសន៍ និង បទពិសោធន៍ល្អៗមួយចំនួន ដែលជាទុនសម្រាប់មន្ត្រីអនុវត្តច្បាប់នៅថ្នាក់ក្រោមជាតិ យកទៅអនុវត្តឲ្យទទួលបានលទ្ធផលជាផ្លែផ្កា ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ និង មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវគោរពឲ្យខាងតែបាន ចំពោះរាល់ការដោះ ស្រាយជូនប្រជាពលរដ្ឋដោយសន្តិវិធី ឈ្នះឈ្នះ និង យុត្តិធម៌ ៕