ឯកឧត្តម ញឹក បានខេង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកអាហារចែកជូនអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

0

(កំពង់ធំ)÷ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអាហារ និងសារុងចែកជូនដល់អ្នកជំងឺប្រមាណ ១៨០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ញឹក បានខេង បានជំរុញនិងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូពេទ្យ ដែលបានខិតខំយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺដោយមានការប្រុងប្រយ័ត្ន ជូនបងប្អូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយពុំគិតពីការនឿយហត់នោះឡើយ។ កត្តាទាំងអស់នេះហើយដែលប្រជាពលរដ្ឋទូទៅមានទំនុកចិត្ត និងមកព្យាបាលជំងឺទូទៅ ហើយបានសង្គ្រោះអាយុជីវិត មិនថាអ្នកមាន ឬអ្នកក្រ គេចផុតពីសេចក្តីស្លាប់ ហើយបានជួបជុំគ្រួសារឡើងវិញ។ នៅក្នុងមន្ទីរពេទ្យ គឺគ្មានសំរាម បរិស្ថានស្អាត បង្គន់អនាម័យមានផាសុខភាព សេវាថែទាំសុខភាពបម្រើជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងទាន់ចិត្តផងដែរ។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំបានបន្ថែមទៀតថា ដោយកត្តាប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ជាពិសេសបងប្អូនដែលមកថែរក្សាអ្នកជំងឺ និងអ្នកជំងឺផ្ទាល់ សូមរក្សាអនាម័យបីប្រការគឺ(ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)ដើម្បីចៀសវាងការឆ្លងជំងឺផ្សេងៗ ឧស្សាហាត់ប្រាណដើម្បីសុខភាពរយៈពេលមួយថ្ងៃទី៣០នាទី សម្រាកឲ្យបានគ្រប់គ្រាន់ ហូបចំណីអាហារឱ្យបានទៀងទាត់ និងទទួលទានថ្នាំតាមលោកគ្រូអ្នកគ្រូពេទ្យដែលបានកំណត់។ ពេលមានបញ្ហាផ្នែកសុខភាព ត្រូវមកពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីព្យាបាលជំងឺបានទាន់ពេលវេលា ចៀសវាងការប្រើប្រាស់ថ្នាំខុសបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់សុខភាព។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបាននាំយកអាហារទៅប្រគល់ជូនអ្នកជំងឺដែលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំចំនួន១៨០នាក់ ក្នុង១នាក់ទទួលបាន÷ អាហារ១កញ្ចប់ ទឹកសុទ្ខ១ដប និងសារុង១ផងដែរ។ អត្ថបទលោក ធូ កែវមុន្នី