វេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ ស្ត្រី លើវិថីអ្នកជំនួញ សម័យ AI

0

សៀមរាប: ដើម្បីអបអរសាទរទិវា អន្តរជាតិនារី ៨មីនា ខួបលើកទី១១៤សមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប បានប្រារព្វវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ(ស្ត្រី លើវិថីអ្នកជំនួញ សម័យ AI ) ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ។ នៅក្នុងកម្មវិធីនេះ គឺមានវាគ្មិនជំនាញៗ ជាច្រើនរូប ដើម្បីពិភាក្សាដោះស្រាយបញ្ហាស្ត្រី ក្នុងភាពជាអ្នកដឹកនាំដ៏ល្អ ។ កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង ជាប្រធានកិត្តិយសសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប និង លោក សុខ ថុល អភិបាលរងខេត្ត និង លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ស្ថាប័ន អង្គភាពពាក់ព័ន្ធ និង សមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្ត ប្រមាណជា ២០០នាក់ចូលរួម នៅរសៀលថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០២៥ នៃសណ្ឋាគារសុខាល័យអង្គរ ក្រុងសៀមរាប។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកជំទាវ ជា សុកនួន សមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តសៀមរាប បានលើកឡើងពីគោលបំណងនៃកម្មវិធី និង ការធ្វើចំណាប់អារម្មណ៍របស់លោកស្រី នុច គឹមលីន អតីតប្រធានសមាគមសហគ្រិនស្រ្តី កម្ពុជា អាណត្តិទី១ និងការផ្តល់នូវបទពិសោធន៍ និង អនុសាសន៍ល្អៗ របស់លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហ គ្រិនស្រី្តកម្ពុជា រួចមក លោកស្រី ហេង ចរិយា អនុប្រធាសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាសៀមរាប បានអាននូវព្រះរាជ សាររបស់សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជូនដល់បងប្អូនស្ត្រី ក្នុងឱកាសអបអរសាទរទិវា អន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥នេះ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានគូសបញ្ជាក់ថា ដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទ (ស្ត្រី លើវិថីអ្នកជំនួញ សម័យ AI ) ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ដែលសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប បានប្រារព្វឡើងនាពេលនេះ ក្នុងគោលបំណងដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ទៅកាន់អ្នកទាំងអស់គ្នា ក៏ដូចជាការផ្តល់តម្លៃឲ្យស្ត្រី និង បុរស ក្នុងភាពជាអ្នកដឹកនាំដ៏ល្អសម្រាប់សង្គមជាតិទាំងមូល និងការកើនឡើងនៃតួនាទីរបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅខេត្តសៀមរាបផងដែរ។
ក្នុងការបើក វេទិការស្ត្រីដើម្បីអ្នកទាំងអស់គ្នា នៃការអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី ១១៤ និងការចែករំលែកចំណេះដឹងជាសាធារណៈ លើប្រធានបទ (ស្ត្រីលើវិថីអ្នកជំនួញ សម័យ AI ) ក្នុងការលើកកម្ពស់ស្ត្រី និងជាអាទិភាព ក្នុងសង្គមបច្ចុប្បន្នមានសារៈសំខាន់ ដល់ការអភិវឌ្ឍជំនាញ បច្ចេកវិទ្យា និងចាប់ផ្តើមអាជីវកម្ម ដើម្បីឲ្យស្ត្រីកម្ពុជា អាចបន្តបង្កើនសមត្ថភាព ក្លាយជាអ្នកដឹកនាំអាជីវកម្ម និងអភិវឌ្ឍសង្គមជាតិ ។ លោកជំទាវ ក៏បានអបអរសាទរ ដល់ស្ត្រីក្រុមអាជីវកម្មទាំងអស់ ដែលបានជួបជុំគ្នានៅទីនេះ ។ លោកជំទាវសង្ឃឹមថា តាមរយៈវេទិកានេះ យើងនឹងអាចចែករំលែកបទ ពិសោធន៍ អភិវឌ្ឍគំនិតថ្មីៗ និងបង្កើតសហការណ៍សម្រាប់អនាគត ។ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ កោតសសើរ ចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប ជាពិសេសក្រុមប្រឹក្សាភិបាលទាំងអស់ក្នុង អាណត្តិទី២នេះ ដែលបានបំពេញការងារ យ៉ាងសម្បើម ក្នុងការជួយគាំទ្រ និងការពារស្ត្រី ជាពិសេសស្ត្រី សមាគមសហគ្រិន តាមរយៈការបណ្តុះបណ្តាលជំនាញនានា ការប្រឹក្សាយោបល់ ការកសាងបណ្តាញធុរកិច្ច ក្នុងការប្រមូលបញ្ហាប្រឈមនានារបស់សហគ្រិនស្ត្រី ដើម្បីនាំយកបញ្ហាប្រឈម ឬសំឡេងស្ត្រី ទៅជូនស្ថាប័ន ឬអ្នកធ្វើគោលនយោបាយពាក់ព័ន្ធនានា នៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ក្នុងការស្វែងរកដំណោះស្រាយ ក៏ដូចជាការរៀបចំកម្មវិធីផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រិនស្ត្រីយើង ។ លោកជំទាវបានគូសបញ្ជាក់ថា អាជ្ញាធរខេត្ត បានកំពុងគាំទ្រដល់សកម្មភាពសហគ្រិនស្ត្រីនៅក្នុងខេត្ត សំខាន់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ការជាមួយដៃគូពាក់ព័ន្ធនានា ក្នុងនោះសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប គឺជាដៃគូដែលមិនអាចខ្វះបាន និងជាដៃគូយុទ្ធសាស្ត្រយូរអង្វែងផងដែរ សម្រាប់កិច្ចការសហគ្រិនភាពរបស់យើង ដើម្បីឲ្យមាន ចីរភាព ។ លោកជំទាវបានធ្វើការផ្តាំផ្ញើ ក៏ដូចជាលើកទឹកចិត្តដល់ក្រុមប្រឹក្សា សូមមេត្តា ខិតខំប្រឹងប្រែង ដើម្បីស្ត្រីយើង ជាពិសេសស្ត្រីជាសហគ្រិន ពីព្រោះពួកគេបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសេដ្ឋកិច្ចជាតិ។ លោកជំទាវ បានបញ្ជាក់ថា ការដឹកនាំ និងគ្រប់គ្រងរបស់ស្ត្រី ក៏មានភាពខុសប្លែកគ្នាពីបុរសខ្លះៗដែរ គឺបុរសមានភាពរឹងមាំជាងស្ត្រីក្នុងការដឹកនាំស្ថាប័ន ឬក្រុមហ៊ុនជាដើម ប៉ុន្តែបើបុរសយើងរឹងមាំ ស្ត្រីត្រូវតែទន់ភ្លន់ ទើបអាចប្រព្រឹត្តិទៅបាន តែបើស្រ្តីរឹងមាំ បុរសត្រូវទន់ភ្លន់វិញទើបប្រសើរ បើមិនដូច្នោះទេ គឺមិនអាចរកភាពជោគជ័យបានឡើយ ។ ដើម្បីអ្នកទាំងអស់គ្នា ក្នុងការអបអរសាទរ ទិវាអន្តរជាតិនារី៨ មីនា ខួបទី១១៤ និងការចែករំលែកចំណេះដឹងជាសាធារណៈលើប្រធានបទ «ស្ត្រីលើវិថីអ្នកជំនួញ សម័យ AI ចាប់ពី ពេលនេះទៅ និងទទួលបានលទ្ធផលតាមការរំពឹងទុក៕