ខេត្តកំពត: លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានគូសបញ្ជាក់ថា ស្ត្រីមានបន្ទុកពីរសំខាន់ គឺការងារគ្រួសារ និងការងារសង្គមជាតិ ហើយដើម្បីឲ្យការងារទាំងពីរសម្រេចបានជោគជ័យ ទាមទាឲ្យស្ត្រីត្រូវលះបង់ខ្ពស់ ទន្ទឹមនោះដែរ ក៏ត្រូវមានការលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត ក្នុងការបញ្ចូលសមាសភាពស្ត្រីទាំងក្នុងការងាររដ្ឋ និងបក្សឲ្យបានកាន់តែច្រើន។
មានប្រសាសន៍នៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តអនុវត្តឆ្នាំ២០២៥ និងប្រកាសសេចក្តីសសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានធ្វើឡើងនៅខេត្តកំពត នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានគូសបញ្ជាក់ថា សមាគមនារីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងបុព្វហេតុជាតិ មាតុភូមិ ពិសេសក្នុងដំណើរស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍន៍ទេសជាតិចាប់ពីឆ្នាំ១៩៨០ រហូតមក។ លោកជំទាវបានបន្តថា ការងាររបស់សមាគមនារីកម្ពុជា ជាការងារស្ម័គ្រចិត្ត ដើម្បីជួយកិច្ចការងារសង្គម គាំទ្ររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា និងជាចលនាមួយដើម្បីបំផុសឲ្យស្ត្រី បានចូលរួមចំណែកក្នុងការងារអភិវឌ្ឍន៍ប្រទេស ក៏ដូចជាចូលរួមរក្សាសុខសន្តិភាព ឲ្យបានគង់វង្សយូរអង្វែង។ ដូច្នេះហើយ ទទ្ទឹងនឹងការខិតខំប្រឹងប្រែងរបស់ស្ត្រី អាជ្ញាធរ ថ្នាក់ដឹកនាំខេត្ត ត្រូវបន្តយកចិត្តទុកដាក់ លើកទឹកចិត្ត និងផ្តល់អាទិភាពដល់ស្ត្រី ឲ្យទទួលបានតំណែងតួនាទីទាំងនៅក្នុងការងាររដ្ឋ និងបក្ស។
ទន្ទឹមនឹងនោះផងដែរ លោកជំទាវ មាន សំអាន ក៏បានចូលរួមអបអរសាទរចំពោះ លោកជំទាវហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ដែលត្រូវបានប្រកាសទទួលស្គាល់ និងកែសម្រួលបំពេញបន្ថែមនៅថ្ងៃនេះ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំស្ត្រីទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងគ្រប់សកម្មភាពការងារ ដើម្បីជាគំរូល្អ ដល់សមាជិកា ក៏ដូចជាយុវតីជំនាន់ក្រោយផងដែរ៕ សេង ណារិទ្ធ