ខេត្តកំពត: មន្ត្រីជំនាញបានលើកឡើងថា ភូមិ១ផលិតផល១ មានរួមបញ្ចូលទាំងផលិតផល កសិផល និងសេវាកម្មផ្សេងៗដែលល្អឯក បង្ហាញទីតាំងភូមិសាស្ត្រ តួយ៉ាងដូចជាម្រេចកំពត ទុរេនកំពត ដូង និងចេកអំបូងលឿង និងអំបិលកំពតជាដើម លើសពីនេះ សេះសមុទ្របាញ់ទឹក នាឡិការយក្ស និងទឹករាំតាមចង្វាក់ភ្លេង ក៏ជាភូមិ១ផលិតផល១របស់ខេត្តកំពតដែរ។ហើយផលិតផលទាំងនេះជួយជំរុញលើកកមុ្ពស់ដល់វិស័យទេសចរណ៍របស់ខេត្ត។
សមាជិកលេខាធិការដ្ឋានជំរុញភូមិ១ ផលិតផល១ នៃគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ របស់ខេត្តកំពត លោក ស្មាន់ វណ្ណនីមល បានបញ្ជាក់នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះថា ចលនាភូមិ១ផលិតផល១ មិនត្រឹមតែជួយផ្តល់នូវបច្ចេកទេសផលិត ឬដាំដុះ ការកែច្នៃវេចខ្ចប់ និងជួយស្វែងរកទីផ្សារ ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារពលរដ្ឋឲ្យកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែចលនាភូមិ១ ផលិតផល១ ក៏ជួយជំរុញ និងលើកកម្ពស់ដល់វិស័យទេសចរណ៍ខេត្តកំពតផងដែរ ព្រោះភូមិ១ផលិតផល១ រួមបញ្ចូលទាំងផលិតផល កសិផល និងសេវាកម្មផ្សេងៗដែលល្អឯកហើយសម្គាល់ទីតាំងភូមិសាស្ត្រដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើនរូបភាព។
មេភូមិស្នំប្រាំពីរ លោកស្រី កែវ សុខុន ក៏បានបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងមានការជំរុញលើកទឹកចិត្តពីលោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ភូមិស្នំប្រាំពីរ មានកន្លែងទាក់ទាញទេសចរច្រើន ហើយនំចំណី ម្ហូបអាហារ ដំណាំហូបផ្លែនៅក្នុងភូមិ ពិសេសទុរេន បានរួមចំណែកសំខាន់ក្នុងការទាក់ទាញភ្ញៀវ មានន័យថាភូមិនេះ មានទាំងកន្លែងដើរលេងស្អាត និងមាននំចំណី ម្ហូបអាហារ និងផ្លែឈើឆ្ងាញ់ជាងគេថែមទៀតផង។
បើតាមការបញ្ជាក់របស់មន្ត្រីលេខាធិការដ្ឋាន ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ខេត្តបានធ្វើការចុះបញ្ជីផលិតផល កសិផល និងសេវាកម្មសរុប ចំនួន៥៧មុខ ជាសមាជិក ចលនាភូមិ១ ផលិតផល១ ហើយក្រុមការងារនៅតែបន្តខិតខំ ចុះពិនិត្យវាយតម្លៃ និងរៀបចំដាក់ពាក្យស្នើសុំចុះបញ្ជី ភូមិ១ផលិតផល១ ជាបន្តបន្ទាប់ទៀត៕ សេង ណារិទ្ធ