(កំពង់ធំ)÷ លោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្ត នៃនិយ័តករធានារ៉ាប់រងកម្ពុជា តំណាងឯកឧត្តម ប៊ូ ច័ន្ទនីរូ អគ្គនាយកនៃ(ន.ធ.ក) លោក ស ប៉ាហូ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ លោក ហុក ហៀង តំណាងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សិស្សានុសិស្ស និស្សិត និងសាធារណជន សមាជិកសមាជិកា បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី(នីតិវិធីនៃការទទួល និងដោះស្រាយ បណ្ដឹងធានារ៉ាប់រង)នៅសណ្ឋាគារគ្លរៀស ហូថែល និងស្ប៉ាខេត្តកំពង់ធំ រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។
លោក វ៉ា វិជ្ជា ប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្ត នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី នីតិវិធីនៃការទទួល និងដោះស្រាយបណ្ដឹងជានារ៉ាប់រង ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រៀបការយល់ដឹងបន្ថែមជូនដល់សាធារណជន អំពីសារប្រយោជន៍ការធានារ៉ាប់រង សញ្ញាណទូទៅនៃការធានារ៉ាប់រង ប្រភេទនៃបណ្តឹងធានារ៉ាប់រងនីតិវិធីនៃការដាក់ពាក្យបណ្ដឹងធានារ៉ាប់រង និងយន្តការនៃការដោះស្រាយបណ្ដឹងធានារ៉ាប់រង ក្នុងគោលដៅលើកកម្ពស់ កិច្ចការពារអ្នកប្រើប្រាស់សេវាធានារ៉ាប់រង។ សិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ និងបានដោយតម្លៃខ្ពស់លើអត្ថប្រយោជន៍នៃការធានារ៉ាបរង ព្រមទាំងបានផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលលើនីតិវិធីនៃការទទួល និងដោះស្រាយបណ្ដឹងធានារ៉ាប់រង ជាពិសេសតួនាទីក្នុងការផ្សះផ្សាវិវាទធានារ៉ាប់រង។
ថ្លែងក្នុងកម្មវិធីនេះលោក ស ប៉ាហូ បានលើកឡើងថាការយល់ដឹងលើការធានារ៉ាប់រង និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការដាក់ពាក្យបណ្ដឹងធានារ៉ាប់រង មកនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងប្រទេសកម្ពុជានៅមានលក្ខណៈចង្អៀតនៅឡើយ ហេតុនេះ ចម្បងមួយរបស់និយ័តករធានារ៉ាប់រង បេសកកម្ម គឺផ្សព្វផ្សាយ និងអប់រំសាធារណជនអំពីសារប្រយោជន៍ នៃ ការធានារ៉ាប់រង និងកិច្ចការពារអតិថិជនធានារ៉ាប់រងដែលមានកំណត់ជាក់លាក់ក្នុងក្របខណ្ឌ យុទ្ធសាស្ត្រអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា របស់និយ័តករធានារ៉ាប់រងកម្ពុជា។
លោកនាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ បានបន្ថែមទៀតថា និយ័តករធានារ៉ាប់រងកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “នីតិវិធីនៃ ការទទួល និងការដោះស្រាយបណ្តឹងធានារ៉ាប់រង គឺក្នុងគោលដៅនូវការយល់ដឹងបន្ថែមជូនដល់មន្ត្រីរាជការ និងសាធារណជន អំពីប្រភេទនៃបណ្ដឹងធានារ៉ាប់រង នីតិវិធីនៃការដាក់ពាក្យបណ្តឹង និងតួនាទីរបស់និយ័តករក្នុងការដោះស្រាយបណ្តឹងធានារ៉ាប់រង ក៏ដូចជាខ្លឹមសារនៃច្បាប់និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធការធានារ៉ាប់រង។
លោក ស ប៉ាហូ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់បានចូលរួមសាទរចំពោះកិច្ចខិតខំប្រឹងប្រែង ជាពិសេសការគិតគូរនិងយកចិត្តទុកដាក់ និងការការពារចំពោះប្រជាពលដែលប្រើប្រាស់សេវា ធានារ៉ាប់រង តាមរយៈការបង្កើតឱ្យមាននូវយន្តការផ្សះផ្សាវិវាទធានារ៉ាប់រង ដែលជាកត្តាសំខាន់ក្នុង ការចូលរួមពង្រឹងទំនុកចិត្តរបស់សាធារណជនលើវិស័យធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជាទាំងមូល ដើម្បីជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងប្រកបដោយចីរភាព និងនិរន្តរភាព។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប