ឧត្តមសេនីយ៍ទោ សោម ស៊ុន នឹងភរិយា អញ្ជើញជាអធិបតីភាព ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ នៅឃុំដងកាំបិត ស្រុកសណ្ដាន់

0
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង  អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងលោកជំទាវ នួន វិធាវី បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងយោធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំសមាគមនារីស្រុក ឃុំ ភូមិ ចំនួនជាង ២០០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

លោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា ក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានប្រវត្តិសង្ខេបស្ដីពីប្រវត្តិទិវានារីអន្តរជាតិ ៨មីនា ដោយបានគូសបញ្ជាក់ថា : នារីនិង កុមារីក្រីក្ររាប់លាននាក់ បានទាក់ទាញឲ្យចូលធ្វើការងារ នៅក្នុងរោងចក្រ សហគ្រាសឯកជននានាទាំងឡាយ ពួកម្ចាស់រោងចក្រ សហគ្រាសមួយចំនួន ដែលមានគំនិតលោភលន់ កេងប្រវ័ញលើកម្លាំងពលកម្មរបស់នារី កុមារ និងកម្មករ បានបង្ខំឲ្យពួកគេធ្វើការជាទម្ងន់ ហើយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរ នៅទីក្រុងស៊ីកាហ្គោ និងញូវយ៉ក សហរដ្ឋអាមរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្តូរផ្តាច់ ទាមទារឲ្យបន្ថយម៉ោងធ្វើការ និងតម្លើងប្រាក់បៀវត្ស ។

លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមនារីយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរលើកទី ១៤៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះយោធិននារីគ្រប់រូប នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំនារីគ្រប់រូបនៅស្រុកសណ្ដាន់ និងនៅឃុំដងកាំបិត ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការដឹកនាំគ្រប់គ្រង និងការផ្សព្វផ្សាយពីសមភាពយេនឌ័រ និងអប់រំអំពីតួនាទីភារកិច្ចរបស់ស្ត្រីគ្រប់រូបនៅក្នុងសង្គមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់  ហើយនារីយើងគ្រប់រូបក៏បានបំពេញភារកិច្ចជាមាតា ជាភរិយា ជាបង ជាប្អូនស្រីដ៏ល្អ នៅក្នុងក្រុមគ្រួសារនីមួយៗ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយ ខ្លឹមសារមួយចំនួនស្ដីពីទិវាសិទ្ធិនារី ៨ មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប ដែលត្រូវប្រកាន់យក ។ ហើយនៅក្នុងឱកាសនេះ  ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ និងថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ ដែលបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ជូនដល់យោធិននារី ព្រមទាំងថ្នាក់ដឹកនាំនារីថ្នាក់ស្រុកឃុំភូមិ នៅក្នុងមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ផងដែរ។ អត្ថបទ វេហាស៍