ខេត្តកែប: តាមរយៈការសាងសង់បាននូវហេដ្ឋារចនាសម្ព័ន្ធ ពិសេសផ្លូវថ្នល់ បាននឹងកំពុងប្រែក្លាយតំបន់បង្ហូរឈាមក្នុងសម័យខ្មែរក្រហម ទៅជាតំបន់កសិ-ទេសចរណ៍ដ៏ទាក់ទាញមួយរបស់ខេត្តកែប។
ដើម្បីផ្តល់នូវភាពងាយស្រួលជូនអ្នកទេសចរជាតិ-បរទេស ចូលទៅទស្សនានៅតំបន់ភ្នំវល្លិ៍ មន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកែប បានបើកការដ្ឋានផ្លូវមួយខ្សែ ប្រភេទDBST ជាមួយនឹងសំណង់សិល្ប:ការ ប្រវែង១,៥០០ម៉ែត្រ ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងបានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី អភិបាលរងខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធរួមទាំងប្រជាពលរដ្ឋសរុបជាង២០០នាក់។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍លើកឡើងថា តំបន់ភ្នំវល្លិ៍នេះ ពីមុនជាតំបន់សមរភូមិក្តៅហែកហួរដោយសង្គ្រាម បង្កដោយកម្លាំងខ្មែរក្រហម ប៉ុន្តែដោយការលះបង់នៅសាច់ស្រស់ឈាមស្រស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាន់យកនៅគោលនយោបាយឈ្នះឈ្នះ បានធ្វើអោយតំបន់ភ្នំវល្លិ៍នេះ មានសុខសុវត្ថិភាព សន្តិភាពពេញលេញ សំបូរសប្បាយ ប្រជាពលរដ្ឋមានជីវភាពធូរធារ និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។
ឯកឧត្តម បន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីធ្វើការកែទម្រង់ និងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងនោះដែរ ការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៍ជាកិច្ចការងារស្នូលយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីឆ្លើយតបទៅនិងតម្រូវការអភិវឌ្ឍន៍ខេត្តទេសចរណ៍តំបន់ឆ្នេរ ដោយធានាអោយបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងលើកកម្ពស់សោភណភាពខេត្ត ។
ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ផ្លូវមួយខ្សែនេះ នៅពេលសាងសង់រួច និងផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ សាលារៀន និងការដឹកជញ្ជូនដំណាំកសិកម្មផ្សេងៗ ពិសេសនោះគឺជាចំណងហេដ្ឋារចនាសម្ព័ន្ធមួយដែលទាក់ទាញភ្ញៀវទេសចរអោយធ្វើដំណើរមកលេងកំសាន្ត តំបន់ទេសចរណ៍ខេត្តកែប តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងតំបន់កសិឧស្សហកម្មដែលមានសក្តានុពល ជាមួយនេះ ក្នុងនោះផ្លូវនេះបានជួយបង្រីកមុខព្រួញវិស័យដទៃទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្តបន្ថែមផងដែរ។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានអោយដឹងថា៖ ការដ្ឋានផ្លូវខេត្ត លេខ១៣៣៣ ប្រវែង ១៥០០ម៉ែត្រនេះ មានទទឹង ចាក់កៅស៊ូ ៧ម៉ែត្រ ចិញ្ចើមថ្នល់ជាដីល្បាយថ្ម ប្រវែង១,៥ម៉ែត្រសងខាង រួមទាំងសាងសង់លូតាមបណ្តោយផ្លូវ មុខកាត់ ១ម៉ែត្រ ចំនួន ១ជួរ ប្រវែង ១៦ម៉ែត្រ ចំនួន៤កន្លែង។ កំណាត់ផ្លូវខេត្ត លេខ១៣៣៣ មានប្រវែងសរុប ១១គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ ៣៣ ត្រង់ចំណុចគីឡូម៉ែត្រ លេខ ១២+២០០ ខាងកើតវិទ្យាល័យ ហ៊ុន សែន ចំការដូង និងបញ្ចប់ត្រង់ភូមិចំការចេកខេត្តកែប និងភូមិចំណាក់កន្ទួតខាងត្យូង ខេត្តកំពត៕ សេង ណារិទ្ធ