អភិបាលខេត្តកំពង់ចាម អះអាងថា យើងត្រូវតែសម្រួចឆន្ទៈឱ្យមោះមុត អនុវត្តតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ដែលបានកំណត់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិស្មើគ្នា

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា យើង ត្រូវតែសម្រួចឆន្ទៈឱ្យមោះមុត អនុវត្តតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិស្មើគ្នាស្របតាមច្បាប់ ។ ថ្លែងបែបនេះក្នុងឱកាសអបអរសាទរខួប អុស្សាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាព អង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប ដែលបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ស្ត្រី និងក្មេងស្រី ត្រូវតែ ទទួលបាននូវសុវត្ថិភាពផ្ទាល់ខ្លួន ព្រមទាំងអាចចូលរួមយ៉ាងពេញលេញនៅក្នុងកិច្ចការ សង្គម មានភាពអង់អាច និងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិត និងគ្រប់វិស័យ ដោយស្មើភាព គ្នា ជាមួយបុរស និងក្មេងប្រុស ដើម្បីធានាបាននូវភាពជាម្ចាស់ការលើខ្លួនឯង និងមានសុខុមាលភាព ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់ ប្រកបដោយ ការទទួលខុសត្រូវខ្ពស់លើការងារលើកកម្ពស់យេនឌ័រ ដោយបានបន្តការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី គាំទ្រដល់សហគ្រិន និងអាជីវករជាស្ត្រី តាមរយៈការអភិវឌ្ឍជំនាញ លើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុ និងស្វែងរកទីផ្សារ ដើម្បីគាំទ្រដល់ស្ត្រី ដែលកំពុងប្រកបមុខរបរក្នុងសេដ្ឋកិច្ច ក្រៅ ប្រព័ន្ធ និងរស់នៅតាមទីជនបទ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ថា ការប្រារព្ធ ទិវាអន្តរជាតិនារី ៨ មីនានេះ យើងទាំងអស់គ្នាពិតជា បានចូលរួមលើកកម្ពស់របស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យា ការអប់រំ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ ច្នៃប្រឌិត និងគណិតវិទ្យា ហើយក៏ជាឱកាសផ្តល់ឱ្យ បុគ្គលគ្រប់រូប ទាំងក្មេងស្រី និងក្មេងប្រុស អាចចាប់យកជំនាញ មុខរបរ និងការងារនៅក្នុងសង្គមស្របតាមសេចក្តីស្រឡាញ់ សក្តានុពល និង ចំណង់ចំណូលចិត្តដោយមិនប្រកាន់ភេទ ឬ យេនឌ័រឡើយ ៕