កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ សាខា កាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនអាជីវករលក់ ម៉ូតូ កង់ និងអាគុយ ១៧គ្រួសារ ដែលរងគ្រោះដោយ អគ្គីភ័យ នៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលករណីអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ជិត១២ រំលងអាធ្រាត្រ ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៥ ។
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយគ្រួសារជនរងគ្រោះ ចំពោះ ឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ បណ្តាលឱ្យ ខូចខាតទាំងលំនៅដ្ឋាន តូបអាជីវកម្ម បាត់បង់ទាំងសម្ភារៈ ម៉ូតូ កង់ រាប់សិបគ្រឿង សរុបប្រមាណ ជិត ២លានដុល្លារអាមេរិក គឺត្រូវឆេះអស់គ្មានសល់ ។
ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នជាប្រចាំ អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើមានការ ធ្វេសប្រហែស ។ ហេតុនេះ មុននឹងចេញពីផ្ទះ ត្រូវពនិត្យ ពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ ជាមុនសិន ពិសេស ការ តបណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មកពិនិត្យផ្លាស់ប្តូរ ខ្សែភ្លើងចាស់ៗ ចោល ហើយរៀបចំភ្ជាប់ចរន្តអគ្គិសនី ទៅតាមបទដ្ឋាន បច្ចេកទេសឱ្យបានត្រឹមត្រូវ ។ ជាពិសេស ត្រូវពង្រឹងស្មារតីទប់អារម្មណ៍ ខិតខំប្រឹងប្រែងរកស៊ីសន្សំលុយកាក់ បង្កើនចំណូលអាជីវកម្មសារ ជាថ្មី ដើម្បីជួសជុលស្តារលំនៅដ្ឋាន ស្តារតូបធ្វើអាជីវកម្មឡើងវិញផងដែរ ។
អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនអាជីវកររងគ្រោះទាំង ១៧គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៥០គក្រ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ,មី២កេស, តង់ធំ២,ឃីត ២ (មុង ភួយ សារុង ក្រម៉ា), អាវយឺត ១០, សម្ភារៈដំណេក សម្ភារ ផ្ទះបាយ និង ថវិកាចំនួន ១លានរៀល ។ ដោយឡែក ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខេត្តកំពង់ចាម បានជួយឧបត្ថម្ភអាជីវកររងគ្រោះទាំង ១៧គ្រួសារ ក្នុង ១គ្រួសារ ជូនថវិកា បន្ថែមចំនួន ១លានរៀល ផងដែរ ៕