អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប”

0

បន្ទាយមានជ័យ៖មន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ នួម សុភ័ណ សមាជិករដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នារសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥ ធ្វើនៅសាលប្រជុំសាលាខេត្តមន្ទាយមានជ័យ។

ឯកឧត្ដម អ៊ុំ រាត្រី គណៈអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងកិច្ចការនារី ក៏ដូចជាមន្ទីរកិច្ចការនារីខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអង្គភាពទាំងអស់ អង្គការជាតិ អន្តរជាតិ ដែលបានចូលរួមគាំទ្រ និងសហការគ្នាយ៉ាងសកម្ម ក្នុងការរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវា អន្តរជាតិនារី៨មីនា ឆ្នាំ២០២៥ ដែលក្រសួងកិច្ចការនារី និងគណៈកម្មការរៀបចំ បានជ្រើសរើសយកប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ជាយុទ្ធនាការជាតិដើម្បីអបអសាទនូវវឌ្ឍនភាពនិងសមិទ្ធផលរបស់ស្ត្រី ឆ្លុះបញ្ចាំងលើមេរៀនបទពិសោធន៍បញ្ហាប្រឈម កាលានុវត្តភាព និងលើកឡើងនូវទិសដៅអាទិភាពដើម្បីធ្វើឱ្យប្រសើរឡើងនូវសកម្មភាពជាក់លាក់ និងវិធានការ ជាវិជ្ជមាននានា ដើម្បីឆ្ពោះទៅធ្វើឱ្យសង្គមមានបរិយាបន្ន និងសមភាពសម្រាប់ទាំងអស់គ្នា។

ឯកឧត្ដម លេីកឡេីងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ស្វាហាប់និងមាន ចក្ខុវិស័យច្បាស់លាស់ស៊ីជម្រៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបន្តកំណត់ការលើកកម្ពស់សមភាពយនឌ័រ និងការបង្កើនភាពអង់ អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយនិងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកប ដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រី គឺជាស្នូល”។ រាជរដ្ឋាភិបាល នឹងបន្តលើក កម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំសុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការ គ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្ត្រី និងក្មេងស្រី និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់៕ដោយ៖ឃិន គន្ធា