(កំពង់ធំ)÷នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធីបើកប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ជូនយោធិនសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការគោលនយោបាយយោធិនពលីមរណៈបង្ករស្លាប់បាត់ខ្លួននិងសោធននិវត្តន៍ នៃក្រសួងការពារជាតិ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងថ្លែងនូវការស្វាគមន៍ចំពោះឧត្តមសេនីយ៍ឯក សំ ចាន់ធួន និងគណៈប្រតិភូអនុគណៈកម្មការគោលនយោបាយយោធិនពលីមរណៈបង្ករស្លាប់បាត់ខ្លួននិងសោធននិវត្តន៍ និងបានធ្វើរបាយការណ៍សង្ខេបអំពីចំនួនយោធិន ដែលត្រូវបានដាក់ឲ្យចូលសោធននិវត្តន៍ក្នុងឆ្នាំ២០២៤ និងការដោះស្រាយគោលនយោបាយនានារបស់អង្គភាពមានជាអាទិ៍ ការអប់រំសតិអារម្មណ៍ លើកទឹកចិត្ត និងការណែនាំមួយចំនួនក្នុងការសម្របសម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មុនពេលបែកគ្នាទៅកាន់មូលដ្ឋាន ក្នុងជីវភាពជាជនស៊ីវិល ហើយកន្លងមកអង្គភាពក៏បានដោះស្រាយនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន តាមលទ្ធភាពដែលអង្គភាពមាន ហេីយជាមួយនោះដែរ យោធិនសោធននិវត្តន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានទទួលការបំពាក់ឋានន្តរសក្កិមួយថ្នាក់ នឹងបានទទួលថវិកាឧបត្ថម្ភមួយចំនួនផងដែរពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចមកហើយ ។
ឧត្តមសេនីយ៍ឯក សំ ចាន់ធួន ក៏បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ក្នុងការបម្រើអង្គភាព ពិសេសបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅ។ ព្រមជាមួយនឹងដែរឧត្តមសេនីយ៍ឯក សំ ចាន់ធួន ក៏បានអំពាវនាវដល់យោធិនសោធននិវត្តន៍ទាំងអស់នៅក្នុងពិធីនេះ ត្រូវទៅដាក់ពាក្យចុះឈ្មោះសុំចូលរួមជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗទៀតពីសមាគមអតីតយុទ្ធជនកម្ពុជា។
ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានបញ្ជាក់ជូនអំពីការដោះស្រាយប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ សម្រាប់ឧបត្ថម្ភជូនដល់យោធិនសោធននិវត្តន៍របស់យើងនៅពេលនេះ គឺជាការយកចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក្នុងឱកាសទទួលបានប្រាក់គោលនយោបាយនេះ សូមបងប្អូនចាត់ចែងយកថវិកានេះ ដើម្បីប្រកបមុខរបររកទទួលទាន ដោយសុចរិតទៀងត្រង់ និងចូលរួមអនុវត្តឱ្យបានល្អតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅតាមមូលដ្ឋាននីមួយៗរួមចំណែកថែរក្សាឲ្យបាននូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត។ អត្ថបទវេហាសំ