ខេត្តកំពត: អ្នកចាត់ការទូទៅនៅចម្ការស្ត្រប៊ឺរីបានបញ្ជាក់ថា បន្ទាប់ពីបានពិសោធន៍ស្រាវជ្រាវបង្កាត់ពូជដាំដុះទទួលបានជោគជ័យ ចម្ការស្ត្រប៊ឺរីភ្នំបូកគោមិនត្រឹមតែផ្តល់ផ្លែដ៏មានឱជារសឈ្ងុយឆ្ងាញ់នោះទេ ថែមទាំងបានរួមចំណែកក្នុងការស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកដើរកម្សាន្តថែមទៀតផង ខណៈដែលមន្ត្រីជំនាញថាចម្ការស្ត្រប៊ឺរីបានក្លាយជាផលិតផលទេសចរណ៍មួយសម្រាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ។
អ្នកចាត់ការទូទៅនៅចម្ការស្ត្រប៊ឺរីភ្នំបូកគោ លោក គឹម ម៉ូង បានប្រាប់ឱ្យដឹងថា ចម្ការស្ត្រប៊ឺរីបានចាប់ផ្តើមសិក្សាស្រាវជ្រាវ ដាំពិសោធន៍នៅដើមឆ្នាំ២០២៣ ដោយនាំយកមេពូជពីប្រទេសកូរ៉េ(ផ្សាំ)។ ហើយមកដល់បច្ចុប្បន្នកំពុងដាំលើផ្ទៃដីកន្លះហិកតា ដោយបែងចែកជា៣ផ្នែកធំៗ ទី១.រងសម្រាប់មេពូជ ទី២.រងផ្សាំពូជ និងទី៣. រងដាំយកផ្លែលក់។ អ្នកចាត់ការរូបនោះបានបន្តថា ស្ត្រប៊ឺរី ប្រសិនបើជាយើងដាំកូនតូចត្រូវប្រើពេលពី៤ខែកន្លះ ទៅ៥ខែទើបអាចប្រមូលផល តែបើដាំកូនផ្សាំ ប្រើពេលត្រឹមតែ ១ខែកន្លះ ទៅ២ខែប៉ុណ្ណើ គឺអាចប្រមូលផលបានហើយ។ ចម្ការលោកប្រមូលផលរាល់ថ្ងៃ បានចន្លោះពី ១៥ ទៅ២០គីឡូ សម្រាប់លក់ឲ្យភ្ញៀវទេសចរ និងសល់ខ្លះ លក់ទៅឲ្យផ្សារទំនើប។
អ្នកចាត់ការដដែលនោះបានបញ្ជាក់ថា ក្រោយពេលដាំបានជោគជ័យ ទទួលបានផលល្អគួរសមហើយនោះ ម្ចាស់កសិដ្ឋានក៏សម្រេច បើកទទួលភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្ត ដោយលក់សំបុត្រ ក្នុងម្នាក់១ដុល្លារ ហើយជាមធ្យមសម្រាប់ថ្ងៃធម្មតា ភ្ញៀវចូលទស្សនាចន្លោះពី ២០នាក់ ទៅ ៣០នាក់ តែថ្ងៃសៅរ៍-អាទិត្យ ចម្លោះពី៤០០នាក់ ទៅ៥០០នាក់។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថាចម្ការស្ត្រប៊ឺរី ជាផលិតផលទេសចរណ៍មួយបន្ថែមទៀតសម្រាប់តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ក៏ដូចជាក្នុងខេត្តកំពត ហើយវាបានចូលរួមចំណែកសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ ព្រោះស្ត្រប៊ឺរីជាដំណាំកម្រពិបាកដាំ និងថែទាំ តែមានអ្នកចង់ហូបផ្លែ ចង់ឃើញដើម និងចង់សិក្សាដើម្បីដាំវាច្រើន៕ សេង ណារិទ្ធ