លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណនាំអំណោយដល់ស្ត្រីទើបសម្រាលកូនរួចចំនួន១៥នាក់ ដែលជាគ្រួសារមានជីវភាពក្រីក្រ

0

ខេត្តសៀមរាប៖នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ចុះសំណេះសំណាល និងផ្តល់អំណោយដល់ស្ត្រីទើបសម្រាលកូនរួចចំនួន១៥នាក់ ដែលជាគ្រួសារមានជីវភាពក្រីក្រ រស់នៅក្នុងឃុំអន្លង់សំណរ៤នាក់ ឃុំស្ពានត្នោត១នាក់ ឃុំល្វែងឬស្សី១នាក់ ឃុំគោកធ្លកលើ៦នាក់ និងឃុំគោកធ្លកក្រោម៤នាក់ រស់នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ សកម្មភាពនេះធ្វើឡើងដើម្បីចូលរួមគាំទ្រសកម្មភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ។ នាក្នុងឱកាសនេះលោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប បានពាំនាំការសួរសុខទុក្ខ និងការចូលរួមរំលែកនូវការលំបាកពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងតែគិតគូពីសុខទុក្ខ និងសុខភាព បងប្អូនប្រជាពលរដ្ឋក្រីក្រ ជាពិសេសចូលរួមអនុវត្តយុទ្ធសាស្រ្តសកលសម្រាប់សុខភាពស្ត្រី កុមារ និងក្មេងជំទង់ ឆ្នាំ២០១៦-២០៣០ ដើម្បីរួមចំណែកសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចេរភាពនៅឆ្នាំ២០៣០។ ឆ្លៀតក្នុងឱកាសនោះដែរលោកជំទាវ បានផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនជនរួមជាតិ នាឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងែទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានដូចជា៖ សូមស្រ្តីមានផ្ទៃពោះទៅពិនិត្យសុខភាពយ៉ាងតិច៤ដងមុនសម្រាលក្រោយសម្រាលកូនរួចសូមស្រ្តីជាមាតាទៅពិនិត្យសុខភាព និងនាំកូនទៅចាក់វ៉ាក់សាំង១១មុខតាមពេលវេលាកំណត់ និងតាមដានការរីកលូតលាស់របស់ទារកនៅមណ្ឌលសុខភាព។
សូមយកកូនទៅមន្ទីរពេទ្យភ្លាមនៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម រាក ឬជំងឺផ្សេងៗទៀត។ល។
មាតាគ្រប់រូបត្រូវនាំកុមារីអាយុ៩ឆ្នាំទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺមហារីក មាត់ស្បូនឲ្យបានគ្រប់គ្នា។
ត្រូវដាក់ឲ្យកុមារគេងក្នុងមុងជានិច្ច ដើម្បីបង្ការមូសខាំ ដែលនាំឲ្យកើតជំងឺគ្រុនឈាម។
ដើម្បីជួយរំលែកការខ្វះខាតសាខាបានផ្តល់ជូនគ្រួសារនីមួយៗមាន៖ ឃីត១កញ្ចប់(ភួយ១ មុង១ សារុង១ ក្រមា១) សម្ភារៈទារក១កញ្ចប់ ក្រមាពោះគោធំ១ សាប៊ូក្រអូប២ដុំ មី១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ អំបិល១គក្រ អង្ករ៣០គក្រ និងថវិកា៥០,០០០៛(ប្រាំម៉ឺនរៀលគត់)៕