បិទមហាសន្និបាត អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ខេត្តសៀមរាប

0

សៀមរាប: មហាសន្និបាត អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ខេត្តសៀមរាប ដែលបានដំណើរការ មួយថ្ងៃពេញ ត្រូវបានបិទនៅរសៀលថ្ងៃទី ១៤ ខែ មីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន តំណាង ដ៏ខ្ពងើខ្ពស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង លោក គៀង សេងគី អនុប្រធានអចិន្ត្រៃយ៍សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដោយមានការអញ្ជេីញចូលរួមពី លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុកទាំង១៣,លោកអភិបាលក្រុង ស្រុក និង លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, ប្រតិភូពេញសិទ្ធិ នៃមហាសន្និបាតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប ប្រមាណជា ៣០០នាក់ចូលរួម ។
ឆ្លងតាមកម្មវិធីដែលបានគ្រោងទុករបស់មហាសន្និបាតអាណត្តិទី៤ ដោយបានអនុម័តទៅលើរបាយការណ៍ សកម្មភាព និង ថវិការបស់សមាគមរយៈពេល ៥ឆ្នាំ(២០២០.២០២៤) ការអនុម័តលើលក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុង របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ខេត្តសៀមរាប ព្រមទាំងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និង សមាជិកក្រុមប្រឹក្សាសមាគមខេត្ត ដែលមានបេក្ខជនចំនួន ៧រូប និង ការបោះឆ្នោតជើ្រសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិសមាគម និង កិច្ចប្រជុំលើកទី១ នៃអាណត្តិទី៤ ព្រមទាំងអនុម័តផែនការយុទ្ធសាស្ត្ររបស់សមាគមរយៈពេល៥ឆ្នាំ(២០២៥.២០២៩) និងផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៥ និងការអនុម័តប្រតិភូសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ/សង្កាត់ ចូលរួមក្នុងអង្គអភិបាលកិច្ចរបស់សម្ព័ន្ធភាពជាតិ ។
ថ្លែងទៅកាន់ពិធីនេះ លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានសំដែងនូវការអបអរសាទរចំពោះ លោក លោកស្រី ដែលត្រូវបានមហាសន្និបាតបោះឆ្នោត ផ្តល់ការទុកចិត្តជា ប្រធាន អនុប្រធាន, សមាជិកក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគម សម្រាប់ អាណត្តិទី៤នេះ ហេីយក៏ជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់ ខេត្តសៀមរាប ក្នុងការបន្តចីរភាពដល់សមាគមមួយដែលតំណាងឲ្យក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តទាំងមូល គឺសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប ដែលត្រូវបានបង្កើតឡើងក្នុងបំណងលើកកម្ពស់ឋានៈ និង ការអភិវឌ្ឍន៍សមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ជាសមាជិក និងការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក។ លោក ឌី រ៉ាដូ បានសង្ឃឹមថា ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប អាណត្តិទី៤នេះ នឹងខិតខំប្រឹងប្រែងអនុវត្តតួនាទីរបស់ខ្លួនដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់សមាជិក ។ នៅក្នុងឱកាសនោះលោកអភិបាលរងខេត្ត បានផ្តល់មតិផ្តាំផ្ញើមួយចំនួន ដល់សមាគមអាណត្តិទី៤ ដោយបានគូសបញ្ជាក់ថា ១. សមាគមត្រូវអនុវត្តតាម និងតម្កល់ទុកនូវលក្ខន្តិកៈ របស់ខ្លួននៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។ ២. ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ត្រូវបង់ប្រាក់សមាជិកភាពប្រចាំ ខែ)នៃថវិកាផ្នែករដ្ឋបាលដោយដកចេញបន្ទុកបុគ្គលិក(គណនីឧបត្ថម្ភដល់អង្គការមូលដ្ឋាន និង គាំទ្រកម្មវិធីផ្សេងៗ ដែលមានលេខសម្គាល់៦២០៤១) ជូនសមាគមឲ្យបានទៀងទាត់ និងត្រឹមត្រូវតាមខ្លឹមសារ លិខិតលេខ ០៥៤ សជណ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ របស់ គ.ជ.អ.ប ។ ក្នុងចំណុចនេះ លោកបានស្នើឲ្យ រតនាគារខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មេត្តាសហការនិងជួយសម្រួលដល់ការបង់ប្រាក់សមាជិកភាព ជូនសមាគម ឲ្យមានទៀងទាត់ និងគ្រប់ចំនួន ស្របតាមលិខិតបទដ្ឋាននេះ ។ ៣. សមាគមត្រូវប្រើប្រាស់ថវិកាប្រាក់សមាជិកភាព ប្រកបដោយតម្លាភាព ព្រោះជាប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា។ ៤. សមាគមត្រូវផ្សព្វផ្សាយ និងពង្រឹងការអនុវត្តក្រមសីលធម៌សម្រាប់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានបានដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥ ឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់គុណតម្លៃរបស់សមាជិកក្រុមប្រឹក្សា។ ៥.សមាគម ត្រូវយកចិត្តទុកដាក់ផ្តល់សេវាដល់សមាជិក ស្របតាមគោលបំណង ទិសដៅ និងផែនការ យុទ្ធសាស្ត្ររបស់ខ្លួន ។ លោកអភិបាលរងខេត្តបន្តទៀតថា ការចូលរួមពិភាក្សា និងផ្តល់មតិយោបល់នៅក្នុងមហាសន្និបាតនេះ ក្នុងគោលបំណងកែលម្អរលក្ខន្តកៈ និង បទបញ្ជាផ្ទៃក្នុងរបស់សមាគមឲ្យកាន់តែប្រសើរ ។ លោកសង្ឃឹមថា ការគាំទ្រ និង ការសហការ នឹងនៅមានជាបន្តទៀតជាមួយសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ/សង្កាត់ ខេត្តសៀមរាប ៕