កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្តាំផ្ញេីដល់ ថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលជលផល កុំធ្វើការតាមរបៀបជាមន្ត្រីជើង១០ និងមន្ត្រីគ្រាប់ល្ពៅ ពោលគឺមិនត្រូវធ្វើសេចក្ដីរាយការណ៍ភូតភរគុហកឡេីយ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម និងប្រកាសតែងតាំងមន្ត្រីរាជការ នាព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើដល់លោក លី ស្រ៊ី ជា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម និងមន្ត្រីចំនួន ៣រូបទៀត ដែលទើបតែទទួលបានការតែងតាំងថ្មី ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ របស់ រាជរដ្ឋាភិបាល ដោយមានទឹកចិត្តអំណត់អត់ធននឹងការងារ និងមានឆន្ទៈទទួលខុសត្រូវខ្ពស់ ប្រកបដោយភាពបត់បែន ព្រមទាំងប្រកាន់យកនូវសាមគ្គីភាពល្អ នៅក្នុងអង្គភាព ជាពិសេសត្រូវ បំពេញភារកិច្ច និងអនុវត្តតួនាទីរបស់ខ្លួន ឱ្យបានល្អប្រសើរ និងមានក្រមសីលធម៌វិជ្ជាជីវផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តាំផ្ញើដល់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ត្រូវធ្វើការកសាងផែនការ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការគ្រប់គ្រងមច្ឆា ជាតិ ដោយអនុវត្ត ៣កុំ ១រាយការណ៍ គឺកុំអន្តរាគមន៍ កុំនៅពីក្រោយខ្នង និងកុំពាក់ព័ន្ធ ហើយត្រូវ រាយការណ៍ចំពោះស្ថានភាពបទល្មើស ដើម្បីឈានដល់ការបង្ក្រាប ពោលគឺត្រូវសហការជាមួយ មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ធនធានជលផល ដើម្បី ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយចីរភាព ៕