ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ

0

សៀមរាប: នៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានបើកព្រឹត្តិការណ៍(សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ)ដោយមានក្រុមសិល្បករ សិល្បការិនី ចំនួន ៥ ប្រទេស មាន កម្ពុជា , ឥណ្ឌូណេស៊ី , ចិន , ហ្វីលីពីន , ឥណ្ឌា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អគ្គនាយកដ្ឋាន តំណាងស្ថានទូត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សផងដែរ ។ ការសម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ បានប្រមូលផ្តុំនូវទស្សនីយភាពជាច្រើនប្រភេទប្លែកៗ រួមមាន, របាំកូរសមុទ្រទឹកដោះ, នឹកស្រុក, របាំក្រមាខ្មែរ, របាំមរតកដូនតា ការប្រគុំឧបករណ៍តន្រ្តី និង ចម្រៀង ដែលបង្កប់អត្តន័យ រូបភាព បរិយាកាសដ៏ស្រស់ស្អាតដល់ភ្ញៀវទេសចរណ៍ ។ ក្នុងការសម្តែង និង ការប្រគុំតន្រ្តី មានការចូលរួមដោយសិល្បករសិល្បការិនីពីសហភាពអឺរ៉ុប និងកម្ពុជា ដែលបង្ហាញឲ្យឃើញពីទំនាក់ទំនងរវាងគ្នាយ៉ាងជិតស្និត ក្នុងគ្រប់ វិស័យ រួមទាំងសិល្បៈវប្បធម៌ផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប បានលើកឡើងថា ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិនៅអង្គរនាពេលនេះ ត្រូវបានរៀបចំឡើង ដោយក្រសួងទេសចរណ៍ ក្នុងគោលបំណងសំដៅជម្រុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ឲ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ក្នុងន័យចូលរួមចំណែកលើកកម្ពស់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលធនធានវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិទៅកាន់ពិភពលោក ដើម្បីជម្រុញឲ្យមានការរីកចម្រើននូវវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា។
មានប្រសាសន៍ការបើកព្រឹត្តិការណ៍សម្តែងសិល្បៈនេះ ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ (សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ) ពោរពេញដោយអត្ថន័យ អត្ថរស និង ភាតរភាពដ៏ជ្រាលជ្រៅ និង ជាលក្ខណៈមហោឡារិក ក្រោមម្លប់សុខសន្តិភាព ។ ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និង អន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការល្អនៃវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឲ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរ ទាំងជាតិ-អន្តរជាតិ ជាពិសេសមកទស្សនាគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប និង ជម្រុញ ចលនាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ស្វាហាប់, ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព,ចំណេះដឹង,បទពិសោធន៍, និងថាមពល បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និង ជា(មាសបៃតង) រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ជម្រុញការនាំចេញនៅនឹងកន្លែង, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, បង្កើនចំណូលជាតិ, ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តម ហួត ហាក់ បានលើក ក្នុងបញ្ចកោណទី២.មុំទី១.ចំណុចទី៥បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជម្រុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត, ការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និង ទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា ស្របតាមអភិក្រម(ជវភាពនៃប្រព័ន្ធតួអង្គតែមួយ) និងទស្សនទាន (មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល (Leaving No Oneand No Place Behind) ។ ឯកឧត្តមបានបន្តទៀតថា ឈរលើស្មារតីនេះ ក្រសួងទេសចរណ៍ បានដាក់ចេញសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន៦ និង ធ្វើការផ្សព្វផ្សាយនូវយុទ្ធនាការ ទេសចរណ៍ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍! , ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព! , ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!។ ម៉្យាងទៀត ( ព្រឹតិ្តការណ៍ សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ) នឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងពិភពលោក ហើយខ្ញុំមានជំនឿយ៉ាងមុតមាំថា នឹងមានការចូលរួមផ្សព្វផ្សាយកាន់តែខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធ អំពីអត្តសញ្ញាណ សិល្បៈ វប្បធម៌កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ដែលនឹងក្លាយជាចលករដ៏សំខាន់ ក្នុងការជម្រុញកំណើនទេសចរមកកាន់កម្ពុជា កាន់តែច្រើនថែមទៀត ពិសេសគោលដៅបេតិកភណ្ឌពិភពលោកសៀមរាប-អង្គរ ៕