ភ្នំពេញ៖ ចាប់តាំងពីខែកញ្ញា ឆ្នាំ 2024 មក អាជ្ញាធរកម្ពុជាបានធ្វើការបង្ក្រាបល្បែងស៊ីសងនិងករណីឆបោកតាមប្រព័ន្ធ អ៊ីនធឺណិត និងតាមប្រព័ន្ធអនឡាញ យ៉ាងខ្លាំងក្លានៅខេត្តព្រះសីហនុ ដែលការប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិតភាគច្រើនគឺជាជនជាតិចិន និងដោយសារការខិតខំប្រឹងប្រែងរបស់អាជ្ញាធរបានធ្វើឲ្យអំពើខុសច្បាប់ទាំងនេះ មានការថយចុះនិងស្ងប់ស្ងាត់ទៅវិញ។
បច្ចុប្បន្នគេសង្កេតឃើញថាចាប់តាំងពីដើមឆ្នាំ 2025 មកទល់នឹងចុងខែកុម្ភៈ មានជនជាតិចិនបាននាំគ្នាយ៉ាងពពាក់ពពូនប្រមាណជាង 4 ពាន់នាក់បានចូលទៅស្នាក់នៅក្នុងតំបន់ភូមិភាគឦសាន ដែលក្នុងនោះមានជាង 2000 នាក់ បានស្នាក់នៅតាមសណ្ឋាគារនិងផ្ទះសំណាក់ ចំនួន 38 កន្លែងក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងជាង2000 នាក់ទៀត បានចូលទៅស្នាក់នៅក្នុងខេត្តរតនគីរី និងខេត្តស្ទឹងត្រែង ដែលបញ្ហានេះ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីសុវត្ថិភាព ហើយក៏មានការលំបាកដល់អាជ្ញាធរប្រសិនបើម្ចាស់គ្រឹះស្ថានដែលពួកគេស្នាក់នៅមិនព្រមសហការ។
ជុំវិញបញ្ហាការឆរបោកតាមប្រព័ន្ធអ៊ីនធឺណិតនេះ វាពុំមែនកើតឡើងសម្រាប់តែប្រទេសកម្ពុជានោះឡើយ សូម្បីតែប្រទេសថៃ មីយ៉ាន់ម៉ា និង ប្រទេសឡាវ ក៏មិនខុសគ្នាដែរ។ជាក់ស្ដែងនៅពេលថ្មីៗនេះ ក្រោយពីប៉ូលិសថៃបានបើកការស៊ើបអង្កេតរយៈពេលបីខែទៅលើមជ្ឈមណ្ឌលហៅទូរសព្ទ ដែលដំណើរការដោយជនជាតិចិននៅក្នុងប្រទេសកម្ពុជា និងដោយមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរកម្ពុជារួចមក ជាលទ្ធផលមានជនបរទេសចំនួន 230 នាក់ ដែលជាប់ពាក់ព័ន្ធក្នុងនោះ 119 នាក់ជាជនជាតិថៃ។ សកម្មភាពទាំងនេះគឺជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិតដោយប្រើប្រាស់ទឹកដីកម្ពុជាដើម្បីធ្វើប្រតិបត្តិការ។
ដោយឡែកសម្រាប់ប្រទេសកម្ពុជានៅក្នុងពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរហូតឈានដល់ការចាប់ខ្លួនជនបរទេសចំនួន 258 នាក់ ហើយនេះជាការបង្ក្រាបលើកដំបូងដែលគណៈកម្មការនេះទើបបង្កើតថ្មី និងដឹកនាំផ្ទាល់ដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយកិច្ចប្រតិបត្តិការទ្រង់ទ្រាយធំនេះ បានធ្វើឡើងនៅខេត្តមណ្ឌលគិរី កាលពីថ្ងៃសៅរ៍កន្លងទៅ ដែលនៅក្នុងចំណោមជនបរទេសទាំងអស់គឺមានជនជាតិចិនចំនួន 247 នាក់ មីយ៉ាន់ម៉ាចំនួន 9 នាក់ ម៉ាឡេស៊ីមួយនាក់ និងវៀតណាមមួយនាក់ ។ ជនទាំងអស់នេះគឺជនជាតិចិនចំនួន 7 នាក់និងមីយ៉ាន់ម៉ាចំនួន 7 នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការ ដោយឡែកជនបរទេសដែលនៅសល់ គឺត្រូវបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ដែលការវាយឆ្មក់ទៅលើអគារមេគង្គ 74 ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី គឺបានធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែកត្រូវពង្រឹងការត្រួតពិនិត្យនិងគ្រប់គ្រងជនបរទេសឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាឲ្យបាននូវសុវត្ថិភាពនិងស្ថេរភាពជូនប្រជាពលរដ្ឋ។
លោក នាង វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា កន្លងមកប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតត្រូវបានគេក្លែងបន្លំជាសកម្មភាពវិនិយោគដោយជនជាតិចិន។ ឯការឈានដល់ការបង្ក្រាប និងការបែកធ្លាយ គឺអាស្រ័យដោយការត្អូញត្អែរពីសមាជិកគ្រួសារនៃបុគ្គលដែលធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោក ទៅកាន់ស្ថានទូត ទាំងនេះគឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការស៊ើបអង្កេតនិងនាំទៅដល់ការលាតត្រដាងនៃមជ្ឈមណ្ឌលឆបោកទាំងនោះ។
ជុំវិញការព្រួយបារម្ភរបស់ប្រជាពលរដ្ឋទាក់ទងនឹងសន្តិសុខ សុវត្ថិភាព ក្នុងខេត្តពីសំណាក់ជនជាតិចិន លោក នាង វណ្ណៈ បានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់អាជ្ញាធរខេត្តដោយប្ដេជ្ញាចិត្តធានាសុវត្ថិភាពនិងស្ថិរភាព ជូនពលរដ្ឋគ្រប់រូប ដោយលោកបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តបានត្រៀមខ្លួនសម្រាប់ប្រតិបត្តិការបង្ក្រាបបន្តទៀត នឹងត្រូវពង្រាយកម្លាំងដើម្បីអន្តរាគមន៍ឲ្យទាន់ពេល << ផ្ដោតលើទាំងការបង្ការ និងចាត់វិធានការប្រឆាំងនឹងសកម្មភាពខុសច្បាប់ក្នុងខេត្តមណ្ឌលគិរី >> ប៉ុន្តែយើងក៏មិនអាចចោទប្រកាន់បុគ្គលដោយគ្មានភស្តុតាងបានទេដោយសារពួកគេបានបង្ហាញខ្លួនជាអ្នកវិនិយោគ ។ ហើយបច្ចុប្បន្ននេះអាជ្ញាធរខេត្តកំពុងសហការយ៉ាងសកម្មជាមួយកម្លាំងក្រសួងមហាផ្ទៃដើម្បីសម្រួលដល់ការបង្ក្រាប។ ហើយខេត្តមណ្ឌលគិរីនៅតែស្វាគមន៍ចំពោះអ្នកវិនិយោគក្នុងស្រុកនិងបរទេស ឱ្យតែការវិនិយោគនោះស្របច្បាប់ ។
ជុំវិញករណីឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលករណីខ្លះអាចជាប់ពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស និងការក្លែងបន្លំការងារបានញាំញីទៅលើបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសគឺនៅក្នុងប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ គឺលោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មការជាតិ ប្រឆាំងការជួញដូរមនុស្ស (NCCT) និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា NCCT បានរៀបចំដើម្បីអន្តរាគមន៍ភ្លាមៗពេលការជួញដូរមនុស្សត្រូវបានកំណត់អត្តសញ្ញាណ ក្នុងអំឡុងពេលស៊ើបអង្កេតដែលកំពុងបន្ត។
លោក ប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីប្រជាធិបតេយ្យ (CID) បានលើកឡើងថា កិច្ចប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិតក្នុងខេត្តមណ្ឌលគិរី បានបង្ហាញនូវការរាលដាលនៅបទល្មើសខុសច្បាប់ ដែលតម្រូវឲ្យអាជ្ញាធរត្រូវបង្កើននូវការប្រុងប្រយ័ត្ន ដូចជានៅប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ) នៅបាវិត (ខេត្តស្វាយរៀង) និងនៅក្នុងរាជធានីភ្នំពេញ ហើយក៏អាចមានលាក់មុខនៅតាមតំបន់ផ្សេងៗទៀត ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចត្រូវបន្ថែមកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើការបង្ក្រាបរាល់បទល្មើសទាំងនេះឲ្យបានជោគជ័យ។
ថ្មីៗនេះដែរសម្ដេច ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សានៃព្រះមហាក្សត្រ បានសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មគឺជាបញ្ហាកំពុងកើតមាន ដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការឆ្លងដែន ជាជាងការស្ដីបន្ទោស។ សម្ដេចបានបញ្ជាក់ថា របាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយលំអៀង និងនិទានកថា នយោបាយបានបង្ហាញពីភាពជោគជ័យរបស់ថៃ ក្នុងការប្រយុទ្ធប្រឆាំង នឹងការលួចបន្លំតាម អ៊ីនធឺណិត ប៉ុន្តែបានបន្ទាបការខិតខំប្រឹងប្រែងរបស់កម្ពុជា។ ដែលបញ្ហានេះរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តជាយូរមកហើយ ក្នុងការរុះរើកម្មវិធីឆបោកតាមមជ្ឈមណ្ឌលហៅទូរសព្ទ តាមរយៈការស៊ើបអង្កេតដែលកំពុងបន្ត និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជិតខាងដើម្បីធានាបាននូវការគ្រប់គ្រង ឧក្រិដ្ឋកម្មប្រកបដោយប្រសិទ្ធភាព ដែលសកម្មភាពចុងក្រោយនិងសំខាន់បំផុតរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងការបោកប្រាស់តាមអ៊ីនធឺណិតនិងការជួយដូរមនុស្សបែបទំនើប គឺការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់ តាមអ៊ីនធឺណិត ដែលជាក្រុមការងារកម្រិតខ្ពស់ដឹកនាំដោយសម្ដេចហ៊ុន ម៉ាណែត។
សម្ដេច ហ៊ុន សែនបាន បញ្ជាក់បន្ថែមថា គណៈកម្មការនេះមានភារកិច្ចអនុវត្តយុទ្ធសាស្ត្រ ដើម្បីបង្ក្រាបនិងប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់ តាមអ៊ីនធឺណិត ហើយគណៈកម្មការនេះនិងតាមដានត្រួតពិនិត្យវាយតម្លៃកិច្ចប្រឹងប្រែងរបស់អង្គភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិតខណៈពេលដែលសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិដើម្បីជម្រុញគំនិតផ្ដួចផ្ដើមជាសកលប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណែតតាមរយៈសកម្មភាពបង្ការនិងការអនុវត្ត៕ សហការី