អាជ្ញាធរខេត្តសៀមរាបនិងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល

0

សៀមរាប: នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ នេះអាជ្ញាធរខេត្តសៀមរាប និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋ កិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល ក្រោមកិច្ចដឹកនាំប្រជុំ លោក ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបនិងឯកឧត្តមសាស្រ្តាចារ្យសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី តំណាង ក្រុង ស្រុក លោក លោកស្រី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត រួមនិងលោក លោកស្រី តំណាងអាជីវកម្មបណ្តាវិស័យឯកជនក្នុងខេត្តអញ្ជើញចូលរួមផងដែរ។
លោក ង៉ូវ សេងកាក់ បានមានប្រសាសន៍ថា ការរៀបចំឲ្យមានការចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងសំខាន់ គឺដើម្បីជួយនិងមិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ,ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ និងមិនមានការបង្ខិតបង្ខំនោះឡើយ ហើយនេះជាយន្តការដែលរាជរដ្ឋាភិបាលរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល ។ លោក ង៉ូវ សេងកាក់ បន្តថាថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ នឹងអនុញ្ញាតឲ្យមានមធ្យោបាយចុះឈ្មោះជាច្រើនជម្រើស ជូនប្រជាពលរដ្ឋដោយឥតបង់ថ្លៃសេវា និងតាមការស្ម័គ្រចិត្តដោយពឹងផ្អែកលើព័ត៌មានពីការធ្វើស្វ័យប្រកាស។ហើយការចុះឈ្មោះនេះផ្តោតចំពោះក្រុមគោលដៅរួម សហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង ការងារ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកអភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ការបើកកិច្ចប្រជុំនាពេលនេះគឺដើម្បីស្ទាបស្ទង់មតិនិងពន្យល់ការចូលរួមយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល នៅក្នុងខេត្តសៀមរាបនៅថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០២៥ខាងមុខនេះ ដែលរៀបចំដោយ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ។
ឯកឧត្តមបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូន តាមរយៈការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារ។ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ទន្ទឹមនឹងនេះ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម។ ដើម្បីពង្រីកការចុះឈ្មោះនៅទូទាំងខេត្តឯកឧត្តមបណ្ឌិត ឡី សុភាព បានអំពាវនាវឲ្យរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក បង្កើនយុទ្ធនាការផ្សព្វ ផ្សាយ និងបន្តរៀបចំអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយលើកឡើងជាឧទាហរណ៍ពីគម្រោងពង្រឹងស្តង់ដារអនាម័យ និង របៀបរៀបរយសម្រាប់អ្នកលក់អាហារតាមចិញ្ចើមថ្នល់ និងតាមផ្សារ ។ ឯកឧត្តមបណ្ឌិតក៏បានលើកទឹកចិត្តឱ្យសមាគមធុរកិច្ចនានា ជម្រុញចលនាចាប់យកស្តង់ដារអនាម័យទាំងនេះក្នុងចំណោមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ សូមបញ្ជាក់ថាការចុះឈ្មោះអាចធ្វើឡើងតាម២វិធី៖ ទី១៖ ចុះឈ្មោះដោយខ្លួនឯង តាមរយៈវេបផតថល www.informal.digitaleconomy.gov.kh និងកម្មវិធីទូរស័ព្ទដៃ CAM-IE។ទី២៖ ចុះឈ្មោះតាមរយៈភ្នាក់ងារចុះឈ្មោះ។ ដើម្បីជួយសម្រួលដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស ចំពោះមុខ គឺក្រសួងបានសហការបង្កើតយន្តការចុះឈ្មោះជាមួយភ្នាក់ងារដៃគូធនាគារចំនួន៥ រួមមាន នៅតាមសាខាធនាគារ WING, ACLEDA, ABA, SME និង ARDB ជាដើម ដោយឥតគិតថ្លៃ។ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ នឹងអនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះជាច្រើនជម្រើស ជូនប្រជាពលរដ្ឋដោយឥតបង់ថ្លៃសេវា និងតាមការស្ម័គ្រចិត្តដោយពឹងផ្អែកលើព័ត៌មានពីការធ្វើស្វ័យប្រកាស។ ការចុះឈ្មោះនេះផ្តោតចំពោះក្រុមគោលដៅរួមមាន៖ សហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕