(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នលំហាត់របៀបរយៈពេលខ្លី និងពង្រឹងការអនុវត្តសេចក្តីណែនាំលេខ០០៣/២០២០ សណន របស់ក្រសួងការពារជាតិ ស្តីពី វិធានការពង្រឹងអនុវត្តន៍ លក្ខន្តិកៈទូទៅចំពោះយោធិន នៃខ.ភ.ម បទវិន័យទូទៅសម្រាប់ ខ.ភ.ម និងលំហាត់របៀប នៃកងយោធពលខេមរភូមិន្ទ
ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ ។
លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយការិយាល័យហ្វឹកហ្វឺននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើយរាយការណ៍អំពីខ្លឹមសារហ្វឹកហ្វឺនបំប៉នលំហាត់របៀប និងការរៀនសូត្ររំលឹកមេរៀនសេចក្តីណែនាំលេខ ០០៣/២០២០ សណន របស់ក្រសួងការពារជាតិ ដែលមានរយៈពេល ៧ថ្ងៃ ដោយមានសិក្ខាកាមចូលរួមចំនួន ១០០នាក់ គណៈកម្មការគ្រប់គ្រងវគ្គចំនួន ៥នាក់ និងគ្រូយោធាចារ្យចំនួន ៣នាក់ សរុបចំនួន ១០៨នាក់ ដែលទីកន្លែងហ្វឹកហ្វឺនរៀនសូត្រនៅក្នុងបរិវេណទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះការិយាល័យហ្វឹកហ្វឺន ដែលបានសហការល្អជាមួយការិយាល័យ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំដំណើរការហ្វឹកហ្វឺនបំប៉នលំហាត់របៀប អប់រំចិត្តសាស្ត្រ និងពង្រឹងការអនុវត្តសេចកីណែនាំលេខ ០០៣/២០២០ សណន របស់ក្រសួងការពារជាតិស្ដីពី វិធានការពង្រឹងអនុវត្តន៍លក្ខន្តិកៈទូទៅចំពោះយោធិន នៃខ.ភ.ម បទវិន័យទូទៅ សម្រាប់ខ.ភ.ម និងលំហាត់របៀបនៃកងយោធពលខេមរភូមិន្ទ ដែលមានរយៈរយៈពេលខ្លី នៅពេលនេះ ហើយក៏ត្រៀមលក្ខណៈ ដើម្បីចូលរួមអបអរសាទរក្នុងពិធីសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។ ជាមួយនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងនូវការកោតសរសើរចំពោះយោធិនគ្រប់រូប ដែលបានចូលរួមអនុវត្តបានយ៉ាងល្អប្រសើរ តាមសេចកីណែនាំលេខ ០០៣/២០២០ របស់ក្រសួងការពារជាតិនាពេលកន្លងទៅ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនយោធាចារ្យគ្រប់រូប ត្រូវយកអស់ស្មារតីទទួលខុសត្រូវ និងត្រូវយកអស់កម្លាំងកាយចិត្ត ក្នុងការបង្វឹក និងការអប់រំណែនាំរៀនសូត្រ ជូនដល់សិក្ខាកាមទាំងអស់ ឲ្យបានល្អប្រសើរ ដើម្បីឆាប់យល់ដឹង នឹងចេះចាំស្ទាត់ តាមបណ្ដាមេរៀននីមួយៗ ដែលគ្រូបានឧទ្ទេសនាម ។ ដោយឡែកចំពោះយោធិនជាសិក្ខាកាមទាំងអស់ ត្រូវយកអស់ស្មារតីទទួលខុសត្រូវ និងកម្លាំងកាយចិត្ត ក្នុងការហ្វឹកហាត់រៀនសូត្រ ឱ្យបានស្ទាត់ជំនាញ តាមការអប់រំណែនាំ និងបង្រៀនពីគ្រូយោធាចារ្យ ពិសេសត្រូវអនុវត្តឲ្យបានមុឺងម៉ាត់តាមបទបញ្ជាផ្ទៃក្នុងនៃការហ្វឹកហ្វឺន ទើបយើងទទួលបាននូវចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សមស្របជាកងយោធពលខេមរភូមិន្ទ ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។