អាជ្ញាធរខេត្តស្ទឹងត្រែង៖ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងភាពធន់ ធានាសុវត្ថិភាព និងសុខុមាលភាពសហគមន៍

0

ខេត្តស្ទឹងត្រែង៖ អភិបាលរងខេត្តស្ទឹងត្រែង លោក យឹម ផែន បានលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការវិភាគសមភាពយេនឌ័រ ពិការភាព និងសមាហរណកម្មសង្គម នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមរបស់សិក្ខាកាម ២៨រូប នៅក្នុងខេត្តពីរភាគឦសាន គឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ។

លោក យឹម ផែន បានបន្តថា ស្របនឹងបញ្ហានេះ យើងបានចូលរួមយ៉ាងសកម្មក្នុងការ   អនុវត្តកម្មវិធី និងគំនិតផ្តួចផ្តើមផ្សេងៗ ក្នុងគោលបំណងលើកកម្ពស់ការត្រៀមលក្ខណៈ និងសមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយ ការយល់ដឹងអំពីទស្សនៈទាន ស្តីពីការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និងសមាហរណកម្មសង្គម គឺមានសារសំខាន់ណាស់ក្នុងការជម្រុញ និងគាំទ្រប្រសិទ្ធភាពការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ជាពិសេសអាចការពារបានសម្រាប់ក្រុម និងបុគ្គលដែលងាយរងគ្រោះបំផុត។

លោកអភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការ Oxfam និងអង្គការដៃគូរ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងវិញ ដើម្បីពង្រឹងឱ្យមន្ត្រី និងភាគីពាក់ព័ន្ធទាំងអស់ មានចំណេះដឹងជំនាញ ច្បាស់លាស់ ក្នុងការដឹកនាំអនុវត្តការងារ សិក្សាវាយតម្លៃ ហានិភ័យគ្រោះមហន្តរាយនៅក្នុងខេត្ត ស្រុក ឃុំ សង្កាត់ ក្រោមគម្រោង “កសាងភាពធន់សហគមន៍ ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ នៅក្នុងតំបន់ទន្លេមេគង្គ” រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងអង្គការ Oxfam។

នាយករងរដ្ឋបាលខេត្តស្ទឹងត្រែង លោកស្រី អេង សោភា បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលឡើងវិញ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ក្រុមអ្នកពាក់ព័ន្ធទាំងអស់ មានសមត្ថភាពកាន់តែប្រសើរក្នុងការជំរុញប្រសិទ្ធភាព ក្នុងការរៀបចំការអនុវត្តផែនការ និងការសម្រេចចិត្តក្នុងការវិនិយោគ លើសកម្មភាពការងារអភិវឌ្ឍន៍នៅមូលដ្ឋានដែលរងគ្រោះជាញឹកញាប់ដោយគ្រោះមហន្តរាយ ។

លោកស្រី អេង សោភា បានបន្តថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅក្នុងកម្រិតសហគមន៍ ជាចាំបាច់ត្រូវធ្វើការពង្រឹងសមត្ថភាពបន្ថែមទៀត ដល់មន្រ្តី និងភាគីពាក់ព័ន្ធ ធានាបាននូវគុណភាព និងប្រសិទ្ធភាព ក្នុងការសម្របសម្រួលដឹកនាំអនុវត្តការងារ  ការសិក្សារវាយតម្លៃហានិភ័យគ្រោះមហន្តរាយ។

លោកស្រីបន្តថា វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ឱកាស ដល់អ្នកចូលរួមចែករំលែកចំណេះដឹង និងការរៀនសូត្រល្អៗ ដែលទទួលបានពីការអនុវត្តសកម្មភាពការងារ នាពេលកន្លងមក ជាពិសេសពួកគេនឹងមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការសម្របសម្រួលការងាររបស់ពួកគេនៅក្នុងខេត្ត ស្រុក ឃុំ សង្កាត់ រៀងៗខ្លួន៕ ដោយ៖ឡុង សំបូរ