ខេត្តរតនគិរី៖ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានរួមគ្នាព្រលែងសត្វក្រពើភ្នំពូជសុទ្ធ ១០ក្បាល ជាលើកដំបូងនៅក្នុងតំបន់ដាច់ស្រយាលឆ្ងាយ នៃដែនឧទ្យានជាតិវីរៈជ័យ ស្ថិតក្នុងខេត្តរតនគិរី បន្ទាប់ពីប្រភេទសត្វក្រពេីនេះ បានបាត់វត្តមានអស់រយៈពេលជាង ២០ឆ្នាំកន្លងមក។
មន្ត្រីជំនាញបានបង្ហាញថា ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ អ្នកជំនាញបានសិក្សាវាយតម្លៃអំពីប្រភេទទីជម្រកសមស្រប ហើយបានរកឃើញតំបន់ដាច់ស្រយាលជាមួយនឹងលក្ខខណ្ឌជម្រកដ៏ល្អបំផុត សម្រាប់ប្រភេទក្រពើភ្នំនៅឧទ្យានជាតិវីរៈជ័យ ហើយឧទ្យានជាតិនេះធ្លាប់មានវត្តមានក្រពើភ្នំធម្មជាតិរស់នៅតាំងពីយូរយារណាស់មកហើយ។
ដូច្នេះកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារវត្តមានសត្វក្រពើប្រភេទនេះនៅក្នុងតំបន់នេះ អាចនឹងទទួលបានជោគជ័យ ជាមួយនឹងការលែងនេះ ក៏បានប្រើបច្ចេកវិទ្យាចុងក្រោយ ដោយប្រើឧបករណ៍កត់ត្រាសម្លេង ដើម្បីតាមដានការបំផ្លាស់ទី និងការរស់រានមានជីវិតរបស់សត្វក្រពើភ្នំ ដែលជាការផ្តល់នូវទិន្នន័យដ៏មានសារសំខាន់ក្នុងការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភេទនេះ។
បច្ចុប្បន្ននេះ សត្វក្រពើភ្នំពូជសុទ្ធជិត ២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតី នៃប្រទេសកម្ពុជា ននិងមានសម្បុកពងកូនក្រពើភ្នំ ៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញ ផងដែរ៕ ដោយ៖ ឡុង សំបូរ