កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសហការជាមួយកងកម្លាំងចម្រុះ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងលំហបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ

0

(កំពង់ធំ)÷នៅព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយលោកវារៈនីយ៍ទោ សេង សំអុល នាយសេនាធិការរង និងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសហការជាមួយកងកម្លាំងចម្រុះ ក្នុងការធ្វើសកម្មភាពបង្ក្រាបទល្មើសនេសាទខុសច្បាប់ ដែលនៅតែកើតមានឡើងនៅក្នុងលំហរបឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានមានប្រសាសន៍ថា បទល្មើសនេសាទជាទូទៅនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ មានការថយចុះ  ប៉ុន្តែសកម្មភាពនេសាទខុសច្បាប់នៅតែមានការកើតឡើងនៅកន្លែងមួយចំនួន ដែលកងកម្លាំងចម្រុះរបស់យើងមានការចន្លោះប្រហោង ឬធ្វេសប្រហែស  ។​ ពិសេសជនល្មើសតែងតែលួចប្រព្រឹត្តដាក់ឧបករណ៍នេសាទល្មើសច្បាប់នៅពេលយប់។

ឧត្តមសេនីយ៍ទោ សោមបស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជើងគោក​ បទបញ្ជា​ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ​ ហេងមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តម​ នួន​ ផារ័ត្ន​ អភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។  ក្នុងរយៈពេលជិតពីរខែកន្លងទៅនេះ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកងកម្លាំងចម្រុះ បង្ក្រាបនិងបំផ្លាញរបាំងសាច់អួន និងរបាំស្បៃមុងខុសច្បាប់បានប្រវែងរាប់ម៉ឺនម៉ែត្រ  ព្រមទាំងបង្គោលរបាំងឈើ រាប់ម៉ឺនដើមនៅក្នុងលំហបឹងទន្លេសាប  ព្រមជាមួយនោះ​ដែរ​ក៏បានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ធ្ងន់ធ្ងរបញ្ជូនទៅកាន់តុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់បានមួយចំនួនផងដែរ។ ហើយនៅពេលខាងមុខកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែប្តេជ្ញាចិត្តដាច់ខាត​ បន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដោយគ្មានការដកថយឡើយ  ដើម្បីការពារឲ្យបាននូវធនធានមច្ឆជាតិឲ្យមានការសំបូរឡើងវិញសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។ អត្ថបទ វេហាស៍