ភូមិចំនួន៩នៅស្រុកព្រះនេតព្រះបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

0

បន្ទាយមានជ័យ៖ភូមិចំនួន៩ គឺភូមិអន្លង់សា ភូមិកំព្រាម ភូមិបត់ត្រង់ ភូមិតាអំ ឃុំប្រាសាទ, ភូមិទ្រលោកជើង ភូមិទ្រលោកលិច ភូមិទ្រលោកត្បូង ភូមិកំបោរ ឃុំភ្នំលៀប និងភូមិជូនប្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ក្រោយបញ្ចប់ការចុះវាស់វែងរួចរាល់ត្រូវបាន បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីនេះ។

លោក ពិន សុវណ្ណា រិទ្ធ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យបានបញ្ជាក់ពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន ៥ ដំណាក់កាល ១-ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាលការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយអំពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ២-ប្រតិបត្តិការបច្ចេកទេស គឺជាការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ៣-បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ មានប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី រយៈពេល១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដី និងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។ ៤-សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាល ធ្វើការបូកសរុប និងធ្វើសំណើទៅ ឯកឧត្តម អភិបាលខេត្ត ដើម្បីពិនិត្យ និងបញ្ជូនបន្តទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងសម្រេចជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខខណ្ឌតាមច្បាប់កំណត់ និងពុំមានទំនាស់។ ៥-ចុះបញ្ជីចេញបណ្ណនិងចែកបណ្ណជូនម្ចាស់ដី។

លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ រាល់ភារកិច្ចដែលមន្ទីរ អាចសម្រេចបានជោគជ័យកន្លងមក គឺអាស្រ័យមានការចូលរួមការគាំទ្រ និងមានការសហការពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ ពិសេសមានការដឹកនាំចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់។

លោកបន្តថា ក្នុងខេត្តបន្ទាយមានជ័យ មានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ៦៨៨ ២២៧ (ប្រាំមួយរយប៉ែតសិប ប្រាំបីពាន់ ពីរម្ភៃប្រាំពីរ) ក្បាលដី និងបានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួច ចំនួន ៣១៣ ៤២៥ (បីរយដប់បីពាន់ បួនរយម្ភៃប្រាំ) ក្បាលដី។ ដោយឡែកស្រុកមង្គលបូរី មានក្បាលដីប៉ាន់ស្មានប្រមាណចំនួន ១០៧ ០៦៤ (មួយរយប្រាំពីរពាន់ ហុកសិបបួន) ក្បាលដី បានបញ្ចប់ការវាស់វែង និងកំពុងប្រមូលទិន្នន័យបានចំនួន ៩៤ ៦៣៤ (កៅសិបបួនពាន់ ប្រាំមួយរយសាមសិបបួន) ក្បាលដី និងបានចុះបញ្ជី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចចំនួន ៧៧ ១២៥(ចិតសិបប្រាំពីរពាន់ មួយរយម្ភៃប្រាំ)ក្បាលដី៕ដោយ៖ឃិន គន្ធា