កំពង់ចាម: ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៥នេះ បានអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមណ្ឌលសុខភាពឃុំពាមកោះស្នា និងបើកការរដ្ឋាន សាងសង់សំណង់ទ្វារទឹកព្រែកតាយី ស្ថិតនៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវ លាង វួចឆេង ហ៊ុនណេង ដែលលោកជំទាវ បាន សម្រេចសាងសង់អគារពាមកោះស្នាថ្មី ១ខ្នង ដែលមានទទឹង ១៣ម៉ែត្រ បណ្តោយ ១៩ម៉ែត្រ មាន៨បន្ទប់ ក្នុងនោះមាន បន្ទប់ទឹក និងបង្គន់អនាម័យចំនួន ៥បន្ទប់ និងបន្ទប់ដាច់ដោយឡែកចំនួន ២បន្ទប់ តូបលំហែកាយ ចំនួន ១ រោងដាក់រថយន្ត និងម៉ូតូ ១កន្លែង និងឃ្លាំងដាក់សម្ភារៈ ១បន្ទប់ ព្រម ទាំងធ្វើរបងព័ទ្ធជុំវិញ និងក្លោងទ្វារ មានបំពាក់ស្លាកមណ្ឌលសុខភាពរួចជាស្រេច ដោយចំណាយថវិកា សរុបជាង ១៤ម៉ឺនដុល្លារ ។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មី១ទៀត នៅលើទឹកដីឃុំ ពាមកោះស្នា គឺសំណង់ទ្វាទឹកព្រែកតាយី ដែលមានលទ្ធភាពស្តុកទឹកប្រមាណ ៤៥ម៉ឺនម៉ែត្រ ត្រីគុណ មានបងប្អូនប្រជាពលរដ្ឋអ្នកទទួលផលចំនួន ៤ភូមិ គឺភូមិពាមក្នុង ភូមិដីលើ ភូមិពាមក្រៅ និងភូមិទួលរការ ស្មើនឹង ១.៦៤៥គ្រួសារ និងមានលទ្ធភាពស្រោចស្រពបន្ថែមលើ ផ្ទៃដី បង្កបង្កើនផលស្រូវប្រាំង និងដំណាំរួមផ្សំសរុបចំនួន ៤៣៤ហិកតា។
ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព កុំឱ្យមានជម្ងឺដង្កាត់ផ្សេងៗកើតឡើង ដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ហើយបើមានករណីមិនស្រួល សូមប្រញាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បី ទទួលការព្យាបាលភ្លាមៗ ។ បន្ទាប់ពីសាងសង់សំណង់ទ្វារទឹកព្រែកតាយីរួច សូមបងប្អូនខិតខំបង្ក បង្កើនផលស្រូវរដូវប្រាំង និងដំណាំរួមផ្សំផ្សេងៗ ឬការចិញ្ចឹមសត្វ វារីប្បកម្មជាដើម ដើម្បីរកប្រាក់ ចំណូលលើកស្ទួយ កម្រិតជីវភាពគ្រួសារឱ្យប្រសើរឡើងផងដែរ ៕