សៀមរាប: សាលប្រជុំលេខ១សាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំ ពិគ្រោះយោបល់ លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល០៥ ឆ្នាំ(២០២៥.២០២៩) ក្រោមកិច្ចដឹកនាំរបស់ លោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត និង កងកម្លាំងប្រដាប់អាវុធទាំងបី កាលពីព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២៥នេះ។
លោកជំទាវ យូ សុភា បានធ្វើការក្រើនរំលឹក និង ជម្រុញដល់គ្រប់មន្ទីរ ស្ថាប័ន អង្គភាព នៅក្នុងរដ្ឋបាលខេត្តសៀមរាបទាំងអស់ ត្រូវធ្វើការលើកនូវគម្រោងផែនការ របស់សាមីមន្ទីរ ស្ថាប័ន អង្គភាពរបស់ខ្លួន ដាក់ចូលក្នុងផែនការ អភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ហើយផែនការរបស់មន្ទីរ ស្ថាប័ន អង្គភាពក៏ត្រូវដាក់ទៅតាមរយៈសាមីក្រសួងរបស់ខ្លួនផងដែរ ។ លោកជំទាវបានបញ្ជាក់ថាកិច្ចប្រជុំនេះមានសារៈសំខាន់ សម្រាប់គ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមផ្តល់យោបល់ ពិភាក្សាទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន ដែលជាធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ រួមមាន យុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច យុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមកិច្ច យុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និង ការបន្សាំ នឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់គ្រងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឈានទៅរៀបចំ សេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នំាក្នុងអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីឆ្លើយតបទៅនឹងសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ លោកជំទាវ យូ សុភា បន្តថាដើម្បីធានាបាននូវនិរន្តភាពនៃការអភិវឌ្ឍន៍ខេត្ត ក្រុមប្រឹក្សាខេត្តបានកំណត់ពីចក្ខុវិស័យ គោលបំណង គោលដៅយុទ្ធសាស្ត្រ សូចនាករ និងចំណុចដៅសំខាន់ៗដែលត្រូវសម្រេចឲ្យបានក្នុងរយៈពេល៥ឆ្នាំ នៃអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ហើយធានាឲ្យមានសង្គតិភាពជាមួយផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និង គោលនយោបាយរបស់វិស័យជំនាញ។ ក្រុមប្រឹក្សាខេត្ត ត្រូវមានសៀវភៅផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២៥-២០២៩) ក្នុងអាណត្តិរបស់ខ្លួន ហើយសៀវភៅនេះ ត្រូវបានក្រុមការងារកសាងផែនការខេត្ត បានខិតខំរៀបចំ និង ចងក្រងជាសេចក្តីព្រាងសម្រាប់ដាក់ជូន គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ពិនិត្យ និងផ្តល់យោបល់ ។
រយៈការផែនការអភិវឌ្ឍន៍រយះពេល៥ឆ្នាំ ២០២៥-២០២៩ របស់ខេត្ត ត្រូវបានរៀបចំឡើងតាមលំដាប់លំដោយ នៃមាតិកា ស្របតាមសេចក្តីណែនាំបច្ចេកទេសនៃការរៀបចំផែនការអភិវឌ្ឍន៍ និង កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រាជធានី ខេត្ត ដែលបានលើកឡើង នូវខ្លឹមសារ សំខាន់ៗ រំលេចឡើងក្នុងក្របខណ្ឌអភិវឌ្ឍន៍ខេត្ត គឺជាផែនទីចង្អុលប្រាប់ផ្លូវ ដើម្បីប្រើប្រាស់ជាមូលដ្ឋានដ៏សំខាន់ ក្នុងការធ្វើសេចក្តីសម្រេចចិត្ត អំពីការអភិវឌ្ឍន៍ខេត្ត ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម(បីឆ្នាំ) និងថវិកាប្រចាំឆ្នាំរបស់ខេត្តនិងអ្នកពាក់ព័ន្ធជុំវិញខេត្ត ។
ក្នុងនោះដែរ លោកជំទាវ យូ សុភា ក៏បានមានប្រសាសន៍សូមឲ្យសមាជិក កិច្ចប្រជុំមេត្តារួមគ្នា ពិនិត្យ និងផ្តល់យោបល់ កំណត់នូវបញ្ហាប្រឈមនានា ដែលមានកន្លងមក ក្នុងការអនុវត្តតួនាទី ក៏ដូចជាបញ្ហា ប្រឈមនៅមូលដ្ឋាន ផ្តល់ជាធាតុចូលបន្ថែមទៀត ជូនដល់ក្រុមការងារកសាងផែនការ ដើម្បីដាក់បញ្ចូលទៅក្នុង ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល។ លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ ដែលជាតម្រូវការ ចាំបាច់ សម្រាប់ការរៀបចំគម្រោង សកម្មភាពអាទិភាពចាំបាច់នានា និងអស់លោក លោកស្រីទាំងអស់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញទៅតាមទម្រង់ បញ្ចូលទៅក្នុងកិច្ចដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ដើម្បីរៀបចំឱ្យបានត្រឹមត្រូវទៅតាមជំហាននីមួយៗ និងនិតិវិធីណែនាំ ៕