នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលខេត្តព្រះវិហារ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងលុបបំបាត់ នូវរាល់ភាពអសកម្មនានា ដែលបានខុសឆ្គងកន្លងមក

0

ខេត្តព្រះវិហារ៖​ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានក្រើនរំលឹកដល់នាយ នាយរង និងពលនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងត្រូវលុបបំបាត់ នូវរាល់ភាពអសកម្មនានាដែលបានខុសឆ្គងកន្លងមក ហើយប្ដូរមកធ្វើកិច្ចការងារសង្គមឲ្យបានច្រើន ជាពិសេសការសម្រួលចរាចរណ៍ដល់ពលរដ្ឋ ចាស់ជរា និងជនមានពិការភាព បន្ថែមលើការងារជំនាញ ដែលកំពុងបំពេញការងារប្រចាំថ្ងៃ។

ប្រសាសន៍ដាស់តឿន ក្រើនរំលឹករបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្ត ក្នុងដំណើរចុះសួរសុខទុក្ខកងកម្លាំងនគរបាលជាតិ តាមបណ្តោយព្រំដែនទិសភូមិភាគទី៤ និងទី៥។

នាយឧត្តមសេនីយ៍ ស ថេត បាននាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលខេត្ដព្រះវិហារ ទាំងអស់ ពិសេសកម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមមានសុខភាពល្អ និងបំពេញភារកិច្ចសម្រេចបានជោគជ័យ ជូនប្រទេសជាតិ មាតុភូមិនៃយើង។

ទន្ទឹមនឹងការជូនពរនោះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាខេត្តព្រះវិហារ។

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានក្រើនរំលឹកដល់នាយ នាយរង និងពលនគរបាលទាំងអស់ ក្នុងនាមកងកម្លាំងនគរបាលជាតិ ត្រូវស្មោះត្រង់ចំពោះវិជ្ជាជីវៈរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ និងមានសាមគ្គីភាពផ្ទៃក្នុង បង្កើនការយកចិត្តទុកដាក់លើកទឹកចិត្តផ្តល់រង្វាន់ ចំពោះមន្រ្តីមានស្នាដៃ ចំពោះមន្រ្តីដែលប្រព្រឹត្តខុស ត្រូវអនុវត្តតាមវិន័យកងកម្លាំង បើក្នុងករណីធ្ងន់ធ្ងរ ត្រូវអនុវត្តតាមច្បាប់ជាធរមាន ទន្ទឹមនោះ ត្រូវបង្កើនយកចិត្តទុកដាក់ចំពោះមន្រ្តីមានជំងឺ ត្រូវចាត់តំណាង ឬក៏ចុះសួរសុខទុក្ខដោយផ្ទាល់។

នាយឧត្តមសេនីយ៍ ស ថេត បានណែនាំទៀតថា ដោយសារខេត្តព្រះវិហារ មានភូមិសាស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ហើយងាយប្រឈមជាមួយបទល្មើស ដែលអាចកើតឡើងនៅតាមព្រំដែន ដូច្នេះ ត្រូវពង្រឹង និងយកចិត្តទុកដាក់ សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។

អគ្គស្នងការនគរបាលជាតិ បានណែនាំបន្ថែម ឲ្យកងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ ទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាប នូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងង្គមជាតិ។

អគ្គស្នងការនគរបាលជាតិ​ នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវបើកទ្វារ ២៤ម៉ោង លើ២៤ ដើម្បីទទួលពាក្យបណ្តឹង និងបម្រើសេវាជូនប្រជាពលរដ្ឋ ជាមួយគ្នានោះ ស្នងការដ្ឋាននគរបាលខេត្ត ត្រូវមានមន្រ្តីប្រចាំបញ្ជា ២៤ម៉ោង លើ២៤ម៉ោង ដើម្បីទទួលពាក្យបណ្តឹង ក៏ដូចជាសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា៕ដោយ៖ឡុង សំបូរ