ឧបនាយករដ្ឋមន្ត្រី នេត សាវឿន​ បានផ្តាំផ្ញើដល់សិស្សនគរបាលជ័យលាភីទាំងអស់​ ឱ្យបន្តការសិក្សា ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវ បានល្អប្រសើរ

0

កំពង់ចាម​:​ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តាំផ្ញើដល់សិស្សនគរបាលជ័យលាភីទាំងអស់​ ឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹង​ និងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវ បានល្អប្រសើរជូនជាតិនិងប្រជាពលរដ្ឋ។​ ថ្លែងបែបនេះ​ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី៣ សិស្សនគរបាលជ័យលាភី​ មកពីអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលានគរបាលជាតិភូមិភាគ២​ ខេត្តកំពង់ចាម​ នារសៀលថ្ងៃទី​១៩​ ខែមិនា​ ឆ្នាំ​២០២៥ ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមសន្តិបណ្ឌិត បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយ​ យុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងទៅនឹងវិស័យសន្តិសុខ ដោយផ្តោតលើគោលដៅនៃការបណ្តុះបណ្តាល​ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ​ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន​ ក៏បានសង្កត់ធ្ងន់ថា​ ក្នុងការអនុវត្តកម្មវិធីនយោបាយនេះដែរ​ ក៏មានការផ្តោតលើ​គៅលដៅនៃការពង្រឹងសមត្ថភាព និងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យសភា នគរបាលកម្ពុជា​ និងសាលានគរបាលជាតិភូមិភាគនានា ពោលគឺ​ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗ​ និងមធ្យោបាយ គ្រប់គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ​ផងដែរ​ ៕