ក្រុមសកម្មជន បាននិយាយកាល ពីថ្ងៃអាទិត្យថា ឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំង របស់កង កម្លាំងរដ្ឋាភិបាលស៊ីរីច្រើនគ្រឿង បានចេញប្រតិបត្តិការវាយប្រហារ ពីដែនអាកាសជាស៊េរី កាលពីយប់អាធ្រាត ទៅលើភាគខាងជើងទីក្រុង ដែលក្រុមឧទ្ទាមរដ្ឋឥស្លាម នៅអ៊ីរ៉ាក់ និងស៊ីរី
គ្រប់គ្រង បណ្តាលឲ្យក្រុមឧទ្ទាមយ៉ាងហោចណាស់ ២១នាក់ស្លាប់ និងច្រើននាក់របួស។
យោងតាមសារព័ត៌មាន ស៊ីប៊ីអិន ចេញផ្សាយកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ដោយផ្អែកតាមការលើកឡើងរបស់សកម្មជនរបស់មជ្ឈមណ្ឌលសារព័ត៌មានអាឡេពប៉ូ និងក្រុមអង្កេតការណ៍សិទ្ធិមនុស្សដែលមានមូលដ្ឋាននៅអង់គ្លេសថា ការវាយប្រហារដែនអាកាស បានធ្វើឡើងនៅទីក្រុង អាល់បាប់ ស្ថិតក្នុងខេត្ត អាឡេពប៉ូ កាលពីល្ងាចថ្ងៃសៅរ៍ និងចុងក្រោយនៅព្រឹកថ្ងៃអាទិត្យ។
ប្រធានអ្នកអង្កេតការណ៍លោក រ៉ាមី អាប់ឌូរ៉ាម៉ាន់ បាននិយាយថា ការវាយប្រហារសរុបមានចំនួន ១០លើក ក្នុងនោះ ០៧លើក ជាការវាយប្រហារដោយទម្លាក់គ្រាប់បែកពីឧទ្ធម្ភាគចក្រ និងបានបណ្តាលឲ្យក្រុមឧទ្ទាមយ៉ាងហោចណាស់ ២១នាក់ស្លាប់ និងច្រើនជាង ១០០នាក់ទៀតរបួស។
ជាមួយគ្នានោះដែរ កងកម្លាំងទ័ពអាកាសរបស់ប្រធានាធិបតីស៊ីរី បាសា អាល់ អាហ្សាដ បានដឹកនាំប្រតិបត្តិការវាយប្រហារដែនអាកាស ជាហូរហែរទៅលើទីក្រុង និងតំបន់ជាច្រើនទៀត ដែលកាន់កាប់ដោយក្រុមឧទ្ទាម។
ដោយឡែកក្រុមចម្រុះដែលដឹកនាំដោយអាម៉េរិកវិញ ក៏កំពុងដឹកនាំយុទ្ធនាការណ៍ប្រឆាំងនឹងក្រុម ISIS និងឧទ្ទាមជ្រុលនិយមផ្សេងទៀត នៅស៊ីរី និងអ៊ីរ៉ាក់ផងដែរ ដោយរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន តែងតែអះអាងថា មិនសហការជាមួយរដ្ឋាភិបាលទីក្រុង ដាម៉ាស់ នៅក្នុងការវាយប្រហារដែនអាកាសនេះនោះទេ។