ឯកឧត្តម ប៉ែន កុសល្យ នាំយកអំណោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៨គ្រួសារ នៅស្រុកពញាក្រែក

0

ត្បូងឃ្មុំ:​ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នេះ​ បាននាំយកអំណោយសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត​សរុបចំនួន ៤៨គ្រួសារ ក្នុងឃុំ​ចំនួន​ ៣​ គឺឃុំកោងកាង ឃុំពពេល និងឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងបានយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ ឬ សាសនាអ្វីឡើយ។

ឯកឧត្តម ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បន្តថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ ទោះបីជាមានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាក របស់បងប្អូនបានមួយកម្រិតដែរ ដែលកំពុងត្រូវការជាចាំបាច់នូវស្បៀងអាហារ ផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តម ប៉ែន កុសល្យ ក៏បានអំពាវនាវដល់ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរ ពីសុខភាព អនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសុវត្ថិភាពផ្ទាល់ខ្លួន។ ទន្ទឹមនោះ ឯកឧត្តមប្រធានគណៈកម្មាធិការ ក៏បានសំណូមពរ ដល់អ្នកពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន និងវិស័យជំនាញ ត្រូវអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ឆ្លើយតបចំគោលដៅ នូវសកម្មភាពគ្រោះមហន្តរាយផ្សេងៗ ក្នុងសហគមន៍ និងការខ្វះខាតពិតប្រាកដ ប្រកបដោយតម្លាភាព ។

សូមជម្រាបថា សម្រាប់គ្រួសារងាយរងគ្រោះបំផុតនីមួយៗខាងលើនេះ បានទទួលនូវអំណោយមនុស្សធម៌ មានដូចជា៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ១លីត្រ និងថវិកាមួយចំនួនទៀត​ ព្រមទាំង​ប្រគេនព្រះចៅអធិការវត្ត បូរណញាណ (វត្តកោងកាង) នូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួនផងដែរ ៕