ប្រធានគណបក្សប្រជាកម្ពុជាខេត្តកំពង់ធំ ស្វាគមន៍សមាជិកថ្មីចំនួន ១១៨នាក់ មកពីគណបក្សផ្សេង ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសន្តិភាព អធិបតេយ្យភាព និងបូរណភាពរបស់កម្ពុជា

0

(ខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន ១១៨នាក់ ដែលមកពីគណបក្សផ្សេង សម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមថែរក្សាសន្តិភាព អធិបតេយ្យភាព និងបូរណភាពរបស់កម្ពុជា នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន មានប្រសាសន៍លើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយដែលមានវ័យចំណាស់ជាងគេ មានភាពរឹងមាំ មានមាគ៌ាគោលនយោបាយច្បាស់លាស់ បានដឹកនាំប្រទេសជាតិ ឱ្យរួចផុតពីរបបខ្មែរក្រហម ជាពិសេសសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាទាំងមូលជាលើកទី២ ចាកផុតពីគ្រោះមហន្តរាយដ៏កាចសាហាវនៃជំងឺរាតត្បាតកូវីដ-១៩។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឯកឧត្តម នួន ផារ័ត្ន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិកទាំងអស់ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តទៀតថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានគោលនយោបាយច្បាស់លាស់ប្រាកដប្រជា និងអាចអនុវត្តបាន។ គណបក្សប្រជាជនកម្ពុជា ជាអង្គការចលនាមហាជនមួយដែលផ្សារភ្ជាប់ខ្លួន នៅជាមួយប្រជាជន និងសង្គមជាតិកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់។

ទន្ទឹមនឹងនោះដែរ តំណាងសមាជិកថ្មីបានលើកឡើងទៀតថា តាមរយៈការអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជាស្ថាបនិកនៃសន្តិភាព បានធ្វើឱ្យសង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សនៅកម្ពុជាបានបញ្ចប់ និងនាំមកសូវសន្តិភាពពាសពេញផ្ទៃប្រទេស ព្រមទាំងបាននាំមកនូវការអភិវឌ្ឍជូនជាតិមាតុភូមិលើគ្រប់វិស័យ ជាពិសេសដោយពិនិត្យឃើញការលះបង់ដ៏ធំធេង និងកិច្ចខិតខំប្រឹងប្រែងបម្រើជាតិ ទើបសមាជិកសមាជិកាទាំងអស់ បានសម្រេចចិត្តស្ម័គ្រចិត្តរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។