ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសអញ្ជើញដឹកនាំ ប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៤ និងទី៥ នារសៀលថ្ងៃទី១៩មីនា២០២៥ ស្ថិតនៅឃុំស្រអែម ស្រុមជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។
នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ជាពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ង ផ្ដួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ តាមមធ្យោបាយផ្សេងៗ ប៉ុន្ដែ សកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធ។
នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់កងកម្លាំងការពារព្រំដែន បន្តរួមគ្នាទប់ស្កាត់បទល្មើសនានា ដែលអាចកើតឡើងនៅតាមព្រំដែន ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសគ្រឿងញៀន ដូច្នេះ ត្រូវពង្រឹង និងយកចិត្តទុកដាក់ សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើស ឲ្យបានទាន់ពេលវេលា។
នៅក្នុងឱកាសនោះផងទៀត នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក និងជូនពរពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគ្រប់ជាន់ថ្នាក់ ក៏ដូចកម្លាំងយោធាការពារព្រំដែនទាំងអស់ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យ ជូនជាតិ មាតុភូមិកម្ពុជា នៃយើង៕ ដោយ៖ឡុង សំបូរ