សៀមរាប: គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តសៀមរាប អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ប្រចាំខែ មីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាបព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមវត្តមានរបស់លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ នៃក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមអស់លោក លោកស្រី ជាសមាជិក តំណាងមន្ទីរពាក់ព័ន្ធ ក្រុមការងារ អង្គការដៃគូ តំណាងក្លឹបកុមារ និងយុវជនរបស់សមាគមយុវជនខ្មែរមកពីស្រុកស្រីស្នំ បន្ទាយស្រី និង ស្រុកអង្គរជុំ សរុបចំនួន ៣៨នាក់ ស្រី ២១នាក់ ។
ក្នុងឱកាសនោះ លោកជំទាវ ស៊ិន ណម បានលើកឡើងថា កិច្ចប្រជុំពេលនេះ ដើម្បីធ្វើការពិនិត្យលើការងារ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត សម្រាប់ខែមីនា ក្នុងការងារលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និង កេងប្រវ័ញ្ចផ្លូវភេទ នៅខេត្តសៀមរាប ដែលអនុវត្តក្នុងពេលកន្លងមក។ លោកជំទាវក៏បានលើកផងដែរ អំពីបញ្ហាកង្វះគ្រូបង្រៀន នៅថ្នាក់បឋមភូមិ តាមបណ្តាសាលាមួយចំនួន លើមុខជំនាញផ្សេងៗ ។ លោកស្រី ស៊ិន ណម ក៏បានធ្វើការជម្រុញដល់ (គ.ក.ន.ក)ឃុំ.សង្កាត់ តាមដានករណីប័ណ្ណក្រីក្រ ជាមួយមន្ទីរផែនការខេត្ត និងចុះពិនិត្យតាមដានកុមារ ដែលបានបោះបង់កាសិក្សា ឲ្យបានចូលរៀនទៀងទាត់វិញ និងសូមឲ្យក្រុង ស្រុក ត្រូវបន្តការខិតខំអនុវត្តទៅតាមសមត្ថកិច្ចជំនាញរបស់ខ្លួន ។ ម៉្យាងទៀត វិស័យដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តកិច្ចសហការជាមួយអជ្ញាធរមានសមត្ថកិច្ច និងឃុំ សង្កាត់ និងក្រុង ស្រុក ខេត្ត ក្នុងការអនុវត្តឲ្យទទួលបានលទ្ធផលល្អ ។
លទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី៩នេះ បានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានធ្វើការពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៨អាណត្តិទី៤ កាលពីថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២៥
និង របាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់(គ.ក.ស.ក)នៃរដ្ឋបាលខេត្ត ព្រមទាំងរបាយការណ៍ស្ថានភាពស្ត្រី យុវជន កុមារ និងជនងាយរងគ្រោះតាមវិស័យពាក់ព័ន្ធ ដូចជា ក្នុង វិស័យអប់រំ សុខភាព អនាម័យទឹកស្អាត សន្តិសុខស្បៀង សង្គមកិច្ច ពលកម្មកុមារ សមភាពយេនឌ័រ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ធម្មការ និងសាសនា ប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និង ការពិនិត្យ អនុម័តលើសេចក្ដីព្រាងផែនការសកម្មភាពប្រចាំខែមេសា ឆ្នាំ២០២៥ របស់«គ.ក.ស.ក»នៃរដ្ឋបាលខេត្ត ព្រមទាំងលើកឡើងនូវ សំណូមពរមួយចំនួនផងដែរ ។ ឆ្លងតាមកិច្ចពិភាក្សាយ៉ាល្អិតល្អន់មក កិច្ចប្រជុំបានរកឃើញនូវគន្លឹះល្អៗ ជាមូលដ្ឋានគ្រឹះ សម្រាប់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត យកអនុវត្តបន្តនូវត្រីមាសទី២ ឆ្នាំ២០២៥ ។ លោកជំទាវ ស៊ិន ណម ក៏បានបញ្ជាក់ផងដែរថា រាល់បទពិសោធន៍ និងលទ្ធផលដែល(គ ក ស ក)ទទួលបាន ដែលជាប្រទីពសម្រាប់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ក្រុង ស្រុកយកទៅអនុវត្ត និងបានលើកនូវសំណូមពរមួយចំនួន និងជម្រុញដល់សមាជិក (គ.ក.ស.ក.)ត្រូវបន្តយកចិត្តទុកដាក់អប់រំ និងផ្សព្វផ្សាយអំពីច្បាប់ទាក់ទងទៅនឹងស្ត្រី និងកុមារ និង បង្កើននូវកិច្ចទំនាក់ទំនងល្អនៅក្នុងមូលដ្ឋានផងដែរ ៕