ខេត្តកែប៖ នៅព្រឹកថ្ងៃព្រហស្បិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ នេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត តាកែវ និងខេត្តកែប) ដឹកនាំដោយឯកឧត្តម ខៀវ មុត បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន អធិការនគរបាលក្រុង ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ពិធីនេះក៏បានការអញ្ចេីញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សរុបចំនួន៦០នាក់។ កម្មវិធីសំណេះសំណាលនេះរៀបចំឡើង ដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយនឹងអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅមូលដ្ឋាន ព្រមទាំងឈ្វេងយល់ និងពង្រឹងការអនុវត្ត តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋាន រួមជាមួយនឹងការចូលរួមដោះស្រាយ និងនាំយកយោបល់ សំណូមពរ និងបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។ មានមតិសំណេះសំណាល ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ មុត ក៏បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន អាជ្ញាពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់បញ្ហាមួយចំនួនដូចខាងក្រោម៖
១- ចូលរួមថែរក្សាសន្តិភាពឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែង។
២-បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធិភាព ស័កិ្តសិទ្ធភាព និងជួយដោះស្រាយទុក្ខលំបាករបស់ពួកគាត់ឲ្យបានទាន់ពេលវេលា។ ៣- ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈប្រកបដោយភាពច្បាស់លាស់ លឿនរហ័ស និងទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។ ៤- ត្រូវអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុចឲ្យបានល្អប្រសើរ និងទី៥- ត្រូវសាមគ្គីភាពផ្ទៃក្នុង សហការគ្នាក្នុងការអនុវត្តនៅតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធិភាព ឲ្យទទួលបានជោគជ័យ៕ សេង ណារិទ្ធ