ខេត្តស្ទឹងត្រែង៖ យន្តការនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ និងតម្រង់ទិស ដើម្បីវាស់វែងអំពីបដិសណ្ឋារកិច្ចកម្ពុជាបៃតង មានគោលបំណងពង្រឹងប្រសិទ្ធភាព នៃការអនុវត្តរបស់ម្ចាស់អាជីវកម្ម សេវាកម្មទេចរណ៍ក្នុងខេត្ត ប្រកបដោយគុណភាពសេវាកម្ម ដោយគិតគូអំពីការលើកកម្ពស់ការការពារបរិស្ថាន និងកាត់បន្ថយជាអតិបរមា នៃការបំពុលបរិកាស ដែលរៀបចំឡើងដោយមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ខេត្តស្ទឹងត្រែង។
ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន បានលើកឡើងថា សិក្ខាសាលានេះ គឺជាការអនុវត្តន៍បដិសណ្ឋារកិច្ច ដែលគិតគូពីការការពារបរិស្ថាន និងនិរន្តរភាពការអនុវត្តន៍បៃតង ឬ Green Practices សំដៅទៅលើសកម្មភាពទាំងឡាយណា ដែលមានគោលការណ៍លើកកម្ពស់ការការពារបរិស្ថាន និងកាត់បន្ថយជាអតិបរមា នៃការបំពុលបរិកាស ការគ្រប់គ្រងសំណល់រឹង រាវ ថាមពល ប្រកបដោយប្រសិទ្ធភាព។ លោកថា សកម្មភាពទាំងនោះ មានគោលបំណងជំរុញការការពារបរិស្ថាននៅក្នុងសកម្មភាពអាជីវកម្ម។
លោក អ៊ន់ ប៉ោសឿន បានបន្តថា សិក្ខាសាលាថ្ងៃនេះ គឺជាគំរូថ្មីមួយដែលសំដៅទៅលើការជួយគាំទ្រដល់គ្រប់ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ក្នុងខេត្ត ឲ្យចូលរួមគិតគូទាំងអស់គ្នាពាក់ព័ន្ធនឹងការធ្វើឲ្យប្រសើរឡើង លើការងារសុវត្តិភាពចំណីអាហារ ការគ្រប់គ្រងកាកសំណល់ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ឬកាកសំណល់ដែលមានផលប៉ះពាល់ដល់បិរស្ថាន ហើយក្នុងគម្រោងនេះក៏នឹងធ្វើឲ្យមានភាពប្រសើរឡើង ដល់មូលដ្ឋានអាជីវកម្ម សេវាកម្មទេចរណ៍ ដែលជាគោលនយោបាយរបស់ក្រសួងទេសចរណ៍ ដែលបានដាក់ចេញ ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ចទេសចរណ៍ សេវាមួយ ស្តង់ដាមួយ បុគ្គលិកម្នាក់មានជំនាញមួយច្បាស់លាស់។
អភិបាលរងខេត្តស្ទឹងត្រែង លោក សែន វ៉ាន់ស៊ីម បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំវគ្គសិក្ខាសាលានេះឡើង របស់មន្ទីរទេសចរណ៍ខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍។ ហើយសិក្ខាសាលានេះនឹងរួមចំណែកក្នុងការធ្វើឲ្យខេត្តស្ទឹងត្រែង មានបរិស្ថានស្អាត មានសោភ័ណ្ឌភាព កាត់បន្ថយសំណល់រឹង រាវ ជាពិសេសផ្លាស្ទីកក្នុងបរិស្ថាន។
លោកអភិបាលរងខេត្តស្ទឹងត្រែង បានថ្លែង ដោយបង្ហាញពីការគាំទ្រការងារនេះ និងលើកទឹកចិត្តដល់មន្ទីរទេសចរណ៍ខេត្ត ឲ្យបន្តធ្វើការងារ ដើម្បីសម្រេចបាន នូវសមិទ្ធផលជាច្រើនថែមទៀត សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្ត និងលោក ក៏បានស្នើដល់ម្ចាស់អាជីវកម្មទាំងអស់ បន្តចូលរួមលើកកម្ពស់អនាម័យបរិស្ថាន ពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ចូលរួមលើកទឹកចិត្ត គាំទ្រផលិតផលក្នុងស្រុក និងចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីក ដើម្បីបរិស្ថានស្អាត។
គួរបញ្ជាក់ថា សិក្ខាសាលានេះ ធ្វើឡើងក្រោមកិច្ចសហការពីអង្គការដៃគូ( ស្វីលខន់ថាក់) ក្រោមជំនូយទីភា្នក់ងារប្រទេសស្វីសប្រចាំកម្ពុជា។ សិក្ខាសាលាក៏មានការពាក់ព័ន្ធ លើការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ដែលជាគំរូបណ្តុះបណ្តាលដ៏ល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការអាជីវកម្ម ដោយផ្តល់នូវការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ប្រកបដោយគុណភាពដល់បុគ្គលិក ប្រធានក្រុមហ៊ុន អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ច ផ្តល់អត្ថប្រយោជន៍ដល់សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ និងសហគមន៍អេកូទេសចរណ៍ ដែលមានតម្រូវការបណ្តុះបណ្តាលជំនាញថ្មីៗ និងកសាងជំនាញឡើងវិញ៕ដោយ៖ឡុង សំបូរ