កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹក សូមឱ្យ គណៈកម្មការអាចារ្យវត្ត និងគណៈសង្ឃទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីឱ្យបងប្អូនប្រជា ពលរដ្ឋ មានជំនឿទុកចិត្ត ក្នុងការចូលរួមអភិវឌ្ឍន៍កសាងសមិទ្ធផលថ្មីៗ បន្តទៀត ។ ថ្លែងបែបនេះ ក្នុងពិធីសម្ពោធឆ្លងដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណពិជ័យរស្មីសង្កែ ស្ថិតនៅក្នុង ឃុំព្រៃឈរ ស្រុកព្រៃឈរ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សមិទ្ធផលនានា ដែលអាចកសាងទៅបាននេះ គឺសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជា បង្ហាញអំពីប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង ទើបមានការរួមសាមគ្គីគ្នា កសាង ជាសមិទ្ធផលនេះឡើង ដើម្បីបម្រើលើវិស័យព្រះពុទ្ធសាសនា ក៏ដូចជាទីកន្លែងសម្រាប់ ពុទ្ធបរិស័ទជួបជុំ កសាង នូវផលបុណ្យកុសលរៀងៗខ្លួន តាមរយៈការប្រារព្ធពិធីសាសនាផ្សេងៗ ក្នុងវត្តអារាមនេះ ។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ស្របពេលវិស័យអាណាចក្រ កំពុងតែបោះជំហាន រីក ចម្រើនលើគ្រប់វិស័យ ដូច្នេះវិស័យពុទ្ធចក្រ ក៏មានការរីកចម្រើនទៅមុខដោយឥតឈប់ឈរ ពោលគឺ វិស័យអាណាចក្រមានការរីកចម្រើន ទើបធ្វើឱ្យប្រជាពលរដ្ឋ អាចមានលទ្ធភាព មានធនធានក្នុងការចូលរួម ជាបច្ច័យ ដើម្បីកសាងសមិទ្ធផលក្នុងវត្តអារាមនេះ ជាពិសេសគឺការ កសាងនូវ ដំបូលព្រះវិហារ ស្រះទឹក និង សមិទ្ធផលនានា ដែលចំណាយថវិការសរុបប្រមាណជិត ១០ម៉ឺន ដុល្លារអាមេរិក ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមជំរុញកូនចៅឱ្យខិតខំសិក្សារៀនសូត្រ និងអប់រំកូនចៅកុំឱ្យមានការសេពគប់មិត្តមិនល្អ ជាក្រុមបងតូច បងធំ ឬបញ្ហាគ្រឿងញៀនជាដើម ហើយត្រូវគោរពច្បាប់ចរាចរឱ្យបានខ្ជាប់ខ្ជួនផងដែរ ៕