(កំពង់ធំ)÷ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងថាប្រជាការពារ និងយុវជនដើរតួយ៉ាងសំខាន់នៅក្នុងសហគមន៍ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ ឯកឧត្តមថ្លែងដូច្នេះនៅក្នុងក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកជូនអំណោយលើកទឹកចិត្តដល់ប្រជាការពារនិងយុវជន។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូរាជរដ្ឋាភិបាល មន្ត្រីមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំ ក្រុមការងារថ្នាក់ស្រុក បងកម្លាំងទាំងបី លោកគ្រូអ្នកគ្រូ ប្រជាការពារ និងយុវជនប្រមាណជាង៤៣១នាក់ បានអញ្ជើញជួបចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកជូនអំណោយលើកទឹកចិត្តដល់អ្នកចូលរួម ស្ថិតនៅបរិវេណវត្តកំពង់គោ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។
លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមានគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានបង្កើតឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ និងបានបន្តដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា វ័យក្មេង រាជរដ្ឋាភិបាល បានអនុវត្តវិធានការ យ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។ ចំពោះ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ត្រូវបានយកចិត្តទុកដាក់ និងជំរុញអនុវត្តបានជាប្រចាំ ពិសេស ការទប់ស្កាត់ និងការបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងគ្រប់ ប្រភេទ។ នាពេលថ្មីៗនេះផងដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះបង្ក្រាប និងបិទ ទីតាំងល្បែងផ្សងសំណាងខុសច្បាប់ នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រស្រុកបានទាំងស្រុង។
ឯកឧត្តម អេង ទូច បានមានប្រសាសន៍ថា ប្រជាការពារ និងយុវជនដើរតួនាទីយ៉ាងសំខាន់នៅក្នុងសហគមន៍ដែលជួយការពារសុខសុវត្ថិភាពគ្រប់ពេលវេលា រាល់កម្មវិធីផ្សេងៗនេះហើយបញ្ជាក់ឱ្យឃើញការលះបង់ពេលវេលាដ៏មានតម្លៃជួយដល់សង្គមជាតិទាំងមូល។ ក្នុងការលើកស្ទួយគុណតម្លៃក្រុមការងារបានចូលរួមឧបត្ថម្ភសម្ភារៈ និងថវិកាមួយចំនួនដើម្បីលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តចូលរួមកសាងអភិវឌ្ឍន និងថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ ដូចនេះសូមអាជ្ញាធរមានសមត្ថកិច្ចចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីភូមិ/ឃុំមានសុវត្ថិភាពដើម្បីកុំឱ្យមានអំពើហិង្សាកើតឡើងនៅក្នុងមូលដ្ឋាន។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីសំណេះសំណាលនោះឯកឧត្តម បាននាំយកនូវសម្ភារ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីរដ្ឋ រដ្ឋមន្ត្រីប្រចាំការនៃទីស្ដីការគណៈរដ្ឋមន្ត្រីមកចែកជូនដល់កម្លាំងប្រជាការពារយុវជនក្នុងឃុំកំពង់គោរួមមាន÷ ១. ម៉ូតូម៉ាកHondaVAVE០២គ្រឿង ២.កំព្យូទ័រ០១គ្រឿង ៣.ម៉ាស៊ីនPrinter(សខ្មៅ)០១គ្រឿង៤.ម៉ាស៊ីនLCD០១គ្រឿង ៥.ផ្ទាំងស្លាយ០១
៦.វិទ្យុទាក់ទង៣៨គ្រឿង ៧.សម្លៀកបំពាក់ប្រជាការពារ៨២កំប្លេ ៨.អាវយុវជន៧២អាវ
៩.ឧបត្ថម្ភសមាជិកសមាជិកាចូលរួមក្នុង១នាក់២០.០០០រៀល ១០.ប្រគេនបច្ច័យកសាងរូបសំណាកព្រះពុទ្ធរូបទំហំ(៥x៧m)ចំនួន ២០.០០០ដុល្លារសហរដ្ឋអាមេរិក(ពីរម៉ឺនដុល្លារអាមេរិក) សរុបទឹកអស់ចំនួន៣៤.០០០ដុល្លារសហរដ្ឋអាមេរិកផងដែរ។ អត្ថបទលោក ធូ កែវមុន្នី