(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៥ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំបានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង ប្រវែង៩២,៩០០ម៉ែត្រ ជានិម្មិតរូប ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅក្នុងបរិវេណទីលានបាល់ទាត់ទួលដំណាក់ ភូមិទួលដំណាក់ ឃុំចុងដួង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម ញឹក បានខេង បានលើកឡើងថា មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ពិសេសមន្ទីរអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលស្រុកបារាយណ៍ត្រូវតែចូលរួមសហការគ្នា ដើម្បីរៀបចំវេទិកាឱ្យបានសម្រេចជោគជ័យ ក្នុងនោះត្រូវបែងចែកទៅតាមប្លង់និងគោលដៅនីមួយៗនៅក្នុងកម្មវិធីត្រូវបែងចែកឱ្យបានត្រឹមត្រូវគឺ ប្លង់គណៈអធិបតី ប្លង់សម្រាប់ព្រះសង្ឃ រដ្ឋបាលស្រុកបារាយណ៍១ប្លង់ ប្រជាពលរដ្ឋ១ប្លង់ លោកគ្រូអ្នកគ្រូ១ប្លង់ សិស្សានុសិស្ស១ប្លង់ កងកម្លាំងទាំងបី១ប្លង់ ក្រុមយុវជន១ប្លង់ ឈ្មោះគណៈអធិបតីត្រូវឡើងបញ្ជាគ្រឿងចក្រជាក់ស្ដែង រៀនចំឱ្យមានចំណតរថយន្ត ម៉ូតូឱ្យមានរបៀបរៀបរយល្អ ត្រូវតែមានក្រុមគ្រូពេទ្យជាប្រចាំ កងកម្លាំងទាំងបីត្រូវតែត្រៀមជួយការពារឱ្យមានសុវត្ថិភាពល្អ និងសូមរក្សាអនាម័យសណ្ដាប់ធ្នាប់ បរិស្ថានឱ្យបានស្អាតនៅពេលប្រារព្ធពិធីនាពេលខាងមុខនេះ។
ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានជំរុញនិងលើលទឹកចិត្តដល់អ្នកចូលរួមប្រជុំទាំងអស់ សូមយកចិត្តទុកដាក់ និងនិងសហការគ្នាអនុវត្តឱ្យបានល្អប្
រសើរ ដើម្បីឱ្យកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង ប្រវែង៩២,៩០០ម៉ែត្រ ជានិម្មិតរូបប្រព្រឹត្តទៅរលូនប្រកបដោយជោគជ័យ។
សូមបញ្ជាក់ផងដែរថា សម្រាប់មន្ទីរអង្គភាព ក្រុង/ស្រុកទាំងអស់ សូមអញ្ជើញមករៀបចំទីតាំងរបស់ខ្លួននៅសួនស្ទឹងសែនឱ្យបានឆាប់ៗ រួចរាល់នៅថ្ងៃទី១១ ខែមេសាឆ្នាំ២០២៥ ជាកំណត់ ដើម្បីត្រៀមសម្រាប់សង្ក្រាន្តកំពង់ធំនាពេលខាងមុខនេះឱ្យមានភាពស្រស់ស្អាត ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាបានច្រើនច្រើនកុះករ។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប