អភិបាលស្រុកស្ទោង បានលើកឡើងថាភូមិឃុំមានសុវត្ថិភាព គឺផ្ដើមចេញពីយើងទាំងអស់គ្នា

0

(កំពង់ធំ)÷ លោក សាយ គឹមឡម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បានលើកឡើងដូច្នេះកាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែមីនា នៅសាលាស្រុកស្ទោង។

លោកបានសង្កត់ធ្ងន់ថា កាលណាយើងទាំងអស់គ្នារួមគ្នាក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសក្មេងទំនើង អំពើអាណាធិបតេយ្យផ្សេងៗ ការបង្រ្កាបទប់ស្កាត់បទល្មើសគ្រឿងញៀន គឺជារឿងដែលចាំបាច់បំផុតដែលចូលរួមសហការខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក៏ដូចជាកងកម្លាំងទាំងបី និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសយុវជន។

លោកបានឱ្យកងកម្លាំងទាំងបី និងអាជ្ញាធរពាក់ព័ន្ធត្រូវមានកិច្ចសហការគ្នាខ្ពស់ និងធ្វើផែនការសកម្មភាពឱ្យបានច្បាស់លាស់ស្តីពីការចូលរួមថែរក្សាសន្តិសុខសណ្ដាប់សាធារណៈទូទៅ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាវត្តអារាមផ្សេងៗក្នុងឱកាសកំសាន្តសប្បាយបុណ្យចូលឆ្នាំថ្មីដែលនឹងប្រព្រឹត្តឆ្នាំថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខ។

ទន្ទឹមនឹងនេះលោក បានបញ្ជាដាច់ខាតដល់គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការថែរក្សាអភិរក្សការពារធនធានធម្មជាតិព្រៃឈើនៅតំបន់អភិរក្សអន្លង់ក្រាញ់ និងស្រែក្រសាំង ស្ថិតនៅក្នុងឃុំពពកដែលកំពុងរងនូវការគំរាមកំហែងពីជនទុច្ចរិតនិងពួកឱកាសនិយមដើម្បីធានាឱ្យបាននូវធនធានធម្មជាតិបៃតងនេះ។

ជាមួយនេះផងដែរលោកបានណែនាំដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុកស្ទោង និងគ្រប់បណ្ដាឃុំត្រូវធ្វើសេចក្តីជូនដំណឹងឱ្យបានទូលំទូលាយស្ដីពីយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ  កំពុងអនុវត្តជាក់ស្តែងតាមប្រតិទិនដែលបានកំណត់ជូនដើម្បីឱ្យប្រជាពលរដ្ឋបានទៅធ្វើឱ្យបានគ្រប់ៗគ្នា។

លើសពីនេះទៀតលោកបានបញ្ជាដាច់ខាតដល់បណ្ដាឃុំមួយចំនួនត្រូវបង្កើតគណៈកម្មការគ្រប់គ្រងទប់ស្កាត់បទល្មើសចរាចរណ៍ដែលបង្កឡើងដោយសត្វពាហនៈដែលពុំមានទំនូសខុសត្រូវពីម្ចាស់ហើយ ត្រូវធ្វើលិខិតអញ្ជើញម្ចាស់សត្វទាំងនោះមកធ្វើកិច្ចសន្យានិងបញ្ឈប់ការលែងសត្វរបស់ខ្លួនបែបអាណាធិបតេយ្យតទៅទៀត។

លោក សាយ គឹមឡម បានកោតសរសើរខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធដែលបានរួមសាកការខ្ពស់ក្នុងការទប់ស្កាត់ រក្សាសន្តិសុខស្ដាប់ធ្នាប់សាធារណៈជូនពលរដ្ឋនិងទទួលនូវបានប័ណ្ណសរសើរជាប់លេខ១កន្លងមក ហើយបានណែនាំដល់សហការីក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយទំនួលខុសត្រូវខ្ពស់ជាពិសេសត្រូវផ្សារភ្ជាប់ទៅនឹង ជីវភាពរស់នៅជាក់ស្ដែងប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូននៅក្នុងមូលដ្ឋាន។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប