អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ រាជរដ្ឋាភិបាលបន្តកែទម្រង់​ ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ​ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងភាពស្អាតស្អំ

0

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ រាជរដ្ឋាភិបាល មានភាពចាំបាច់ក្នុងការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈ មួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងភាពស្អាតស្អំ ហើយបំពេញការងារ ក្នុងជីវភាព នៃប្រព័ន្ធតួអង្គតែមួយ ដោយធានាបាននូវប្រសិទ្ធភាពខ្ពស់​ នៅក្នុងគ្រប់ទិដ្ឋភាព​។​ ថ្លែងបែបនេះ​ក្នុងឱកាសបើកមហាសន្និបាត អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី​២៤​ ខែមីនា​ ឆ្នាំ​២០២៥​ ។

ថ្លែងក្នុងឱកាសនោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានលេីកឡេីងថា​ រាជរដ្ឋាភិបាល​ បានផ្តល់តម្លៃជាអាទិភាពខ្ពស់ ក្នុងការបន្ត និងជំរុញបន្ថែមទៀតការងារកែទម្រង់ ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ការជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់តាមវិស័យអាទិភាពគន្លឹះផ្សេងៗទៀត របស់រាជរដ្ឋាភិបាល​ រួមមានវិស័យអប់រំ និងសុខាភិបាល។

ឯកឧត្ដមអភិបាលខេត្ត​ បានសង្កត់ធ្ងន់ថា​ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៅតែបន្តការយកចិត្តទុកដាក់ និងផ្តល់អាទិភាព ខ្ពស់បំផុតលើការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការងារកែទម្រង់សំខាន់ៗក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឱ្យឆ្លើយតបបាន ទាន់ពេលវេលា ទៅនឹងសំណូមពរ​ និងសេចក្តីត្រូវការរបស់ប្រជាជន។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ មហាសន្និបាតនេះ គឺជាសក្ខីភាព ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់សមាជិក ក្រុម ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកំពង់ចាម ក្នុងការបន្តនូវ ចីរភាពដល់ សមាគមមួយ ដែលជាតំណាង សំឡេង​ និងការពារផលប្រយោជន៍រួម ដើម្បីលើកកម្ពស់ គុណភាព នៃជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ​ តាមរយៈ អភិបាលកិច្ច តាមបែប វិមជ្ឈការ និងវិសហមជ្ឈការ​ ដើម្បីអភិវឌ្ឍន៍ សមត្ថភាព និងបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន​ ៕