គ្រួសារអតីតយុទ្ធជន និងគ្រួសារកងទ័ព ទទួលបានអំណោយពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី !

0

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា  និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នៅថ្ងៃទី២៤មីនា២០២៥ បានអញ្ជេីញដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគល់ជូនគ្រួសារអតីតយុទ្ធជន និងគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត ៥៣គ្រួសារ នៅភូមិអានសេះ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។

អំណោយដែលគ្រួសារអតីតយុទ្ធជន និងគ្រួសារកងទ័ពទាំង ៥៣គ្រួសារ ទទួលបាននាពេលនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន  អង្ករ ,មី ,ទឹកត្រី , ទឹកសុីអុីវ និងត្រីខកំប៉ុង ផងដែរ។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា   និង ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន គ្រួសារអតីតយុទ្ធជន ក៏ដូចជាបងប្អូនកងទ័ព ដែលឈរជេីងនៅតាមព្រំដែនកម្ពុជា-ថៃ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែង រំលឹកពីគំរូវីរភាពដ៏អង់អាចក្លាហាន របស់អតីតយុទ្ធជន ដែលកន្លងមកធ្លាប់ចូលរួមចំណែកក្នុងការកសាង រំដោះជាតិ មាតុភូមិកម្ពុជា ឲ្យរួចផុតពីភ្នក់ភ្លើងសង្រ្គាម ធ្វើអោយប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ន ។

នៅក្នុង ឱកាស នោះ ដែរ លោកប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខត្តព្រះវិហារ បានប្រគល់កង់ ០១គ្រឿង ជូនដល់សិស្សដែលមានជីវភាពក្រីក្រ និងបានឧបត្ថម្ភថវិកា ចំនួន ២០ម៉ឺនរៀល ដល់គ្រួសារកងទ័ពទើបសម្រាលកូនរួច ជាអំណោយ ដ៏ថ្លៃថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកង យោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក៕